(ន័រវេស)៖ គណៈកម្មាធិការណូបែលន័រវេស បានសម្រេចប្រគល់ពានរង្វាន់ណូបែល «សន្តិភាព» ប្រចាំឆ្នាំ២០១៦ ជូនប្រធានាធិបតី នៃប្រទេសកូឡុំប៊ី លោក Juan Manuel Santos សម្រាប់កិច្ចខិតខំប្រឹងប្រែងយ៉ាងមុះមុតរបស់លោក ក្នុងការបញ្ជប់សង្រ្គាមផ្ទៃក្នុងរបស់ប្រទេសកូឡុំប៊ី ដែលបានអូសបន្លាយ អស់រយៈពេលជាង ៥០ឆ្នាំ។ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័រ Nobel Prize ផ្ទាល់ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានេះដែរ ពានរង្វាន់នេះ ក៏ត្រូវបានចាត់ទុកថាជាសេចក្តីគោរពមួយ ចំពោះជនរួមជាតិកូឡុំប៊ីទាំងអស់ ដែលបានតស៊ូរនឹងភាពលំបាក ហើយមិនបានបោះបង់ចោលនូវក្តីសង្ឃឹមសម្រាប់សន្តិភាព និងចំពោះភាគីទាំងឡាយបានចូលរួមចំណែក នៅក្នុងដំណើរការនៃការឈានទៅដល់ការសម្រេចបាន សន្តិភាពនៅក្នុងប្រទេសកូឡុំប៊ីផងដែរ។
គួរបញ្ជាក់ដែរថា សង្រ្គាមផ្ទៃក្នុងនេះ បានសម្លាប់ប្រជាជនកូឡុំប៊ីយ៉ាងហោចណាស់២២០,០០០នាក់ និងជិត៦លាននាក់ គ្មានទីជ្រកកោន៕