(កណ្តាល)៖ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ ជាមាតាបិតារបស់លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានប្រារព្ធពិធីបុណ្យកឋិនទាន ដង្ហែចូលវត្តអង្គព្រោជ ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បុណ្យកឋិន គឺជាបុណ្យ១របស់ព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក ដែលជាពិធីបុណ្យមួយធ្វើឡើងបន្ទាប់ពីចេញព្រះវស្សា ដើម្បីប្រជាពុទ្ធបរិស័ទមានឱកាសនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់មានចីពរជាដើមនោះ ទៅប្រគេនព្រះសង្ឃក្រោយគង់ចាំព្រះវស្សាតាមទីអារាមអស់រយៈពេល៣ខែ។
អង្គកឋិនទានផ្តួចផ្តើមឡើងដោយមហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ ត្រូវបានធ្វើទៅតាមលំអានបែបបទប្រពៃណី។ ក្នុងនោះនៅពេលរសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ មាតាបិតា លោកអ្នកឧកញ៉ាទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងកូនចៅ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន ទ្រី ភាព គ្រុប បានអញ្ជើញប្រារព្ធពិធីក្រុងពាលី បូជាគ្រឿងសក្ការៈថ្វាយព្រះពុទ្ធរូប នមស្ការថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា។
លុះព្រឹកឡើង ត្រូវនឹងថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ប្រគេនយាគូដល់ព្រះសង្ឃ ដង្ហែអង្គកឋិនទាន ប្រទក្សិណ ៣ជុំព្រះវិហារ រួចវេរអង្គកឋិនទានប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមព្រះវិន័យកិច្ច ក្នុងព្រះវិហារ ព្រមទាំងបវរណាបច្ច័យសង្កត់ត្រៃចំនួន ១០០,០០០,០០០រៀល។ ក្នុងនោះបច្ច័យត្រៃធំរបស់លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ាចំនួន ៤៤,៦៣០,០០០រៀល និងបច្ច័យរបស់សូធ្យស្ដាំ សូធ្យឆ្វេង និងត្រៃលៀងចំនួន ៥៥,៣៧០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា ក៏បានប្រគេនបច្ច័យសម្រាប់កសាងដល់់វត្តចំនួនពីរទៀតផងដែរ គឺវត្តពោធិ៍សាត់ និង វត្តទេពបុរី ក្នុងមួយវត្តៗចំនួន ១០,០០០,០០០រៀល។
សូមបញ្ជាក់ផងដែរថា ក្រៅពីបច្ច័យសង្កត់ត្រៃហើយ ក៏មានបច្ច័យបួនប្រគេនព្រះសង្ឃ និងការចំណាយផ្សេងៗទៀតផងដែរ ដែលសរុបជាថវិកាអស់ជាង ១៧៩,០០០,០០០រៀល។
ក្នុងពីធីបុណ្យអង្គកឋិនទាននេះ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ បានបរិច្ចាគ ពុទ្ធបូជា ធម្មបូជា សង្ឃបូជា នៃអានិសង្ស បុណ្យកឋិនទាន ឧទ្ទិសកុសលផលបុណ្យថ្វាយ ប្រគេន និងជូនចំពោះបុព្វការីជន មានមាតាបិតា គ្រូបាអាចារ្យ ជីដូនជីតា ញាតិសន្តានទាំងឡាយ បានរួចចាកទុក្ខ និងបានបដិសន្ធិវិញ្ញាណ ក្នុងសុគតិភពមានមនុស្ស ទេវតា និងព្រះនិព្វាន និងសូមឱ្យផលបុណ្យដែលកើតឡើងពីអានិសង្សអង្គកឋិនទាននេះ៕