(តាកែវ)៖ នៅក្នុងឱកាសដែលពុទ្ធិបរិស័ទ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទកសាងឡើងនៅអង្គកឋិនទាន ទៅតាមកម្លាំងសទ្ធា ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅគ្រប់ទីអារាម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានផ្ដួចផ្ដើមកសាងនូវអង្គព្រះកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ការត្រីមាស ក្នុងព័ទ្ធសីមាវត្តអង្គកំណប់ ស្ថិតនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ការរីកចម្រើនផ្នែកវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពឹងផ្អែកទៅលើកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាផ្នែកមួយមិនអាចខ្វះបាន ជាក់ស្តែងការជួបជុំប្រារព្ធពិធីដង្ហែអង្គកឋិនទាននៅពេលនេះ និងរាល់សមិទ្ធផលនានា ដែលកើតមាននៅក្នុងវត្តអង្គកំណប់ គឺកើតមានបន្ទាប់ពីប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ក្នុងររបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពផ្នែកជំនឿ និងសាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលទាំងស្រុង រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ ពីការកាប់សម្លាប់ពីរបបដ៏យង់ខ្នង ទទួលបានសិទ្ធិរស់រានមានជីវិត ហើយមានសេរីភាព ជំនឿ និងសាសនាឡើងវិញ។ ព្រមជាមួយគ្នានេះ ទីវត្តអារាម និងវិហារ សាសនាផ្សេងៗ ក៏ដូចជាសមិទ្ធផលនានា ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា រួមទាំងថ្នាក់ដឹកនាំកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ បានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រុសខ្មៅងងឹតប៉ុលពត និងបានស្តារប្រទេសឡើងវិញពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យគួរទីមោទនៈ និងត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត បាននិងកំពុងដឹកនាំប្រទេស ប្រកបដោយ ភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ជាតិ ដោយ ថែរក្សាពួនជ្រុំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទ បន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
បន្ទាប់ពីប្រារព្ធកិច្ចទៅតាមប្រពៃណីព្រះពុទ្ធសាសនារួចមក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី វបានវេរប្រគេនបច្ច័យសង្កត់ត្រៃចំនួនជាង៣៩ លានរៀលដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តអង្គកំណត់ ដើម្បីទុកកសាងសមិទ្ធផលនានានៅក្នុងទីអារាម។
បន្ថែមលើពីនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលី ក៏បានជួយកសាងកុដិសម្រាប់ព្រះសង្ឃ ដែលមានតម្លៃប្រមាណជាង៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងនគរបាលជាតិ និងលោកស្រីផងដែរ៕