(បាត់ដំប)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការបោះជំរុំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់
ដំបងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង» (Our Girls Our Future Leaders) ដែលធ្វើឡើងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកស្រី កែវ ដាណា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង លើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដែលមានសមាជិកគាំទ្រចំនួន៨០រូប សមាជិកសកម្ម និងគ្រូបង្គោលសរុបចំនួន១២០រូប បានរួមគ្នាក្នុងការបំពេញការងារស្របតាមទស្សនវិស័យ បេសកកម្ម និងទិសដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ថាមពលកុមារី យុវតី ឱ្យក្លាយទៅជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។
ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះសាខាខេត្តបាត់ដំបងបានរៀបចំនូវកម្មវិធីជាច្រើនស្របទៅតាមគោលការណ៍សកម្មភាពទាំង៥ របស់សមាគម គឺកម្មវិធីអប់រំបណ្ដុះបណ្ដាល កម្មវិធីបរិស្ថាន កម្មវិធីសិល្បៈហត្ថកម្ម កម្មវិធីសុខភាព និងសុវត្ថិភាព និងកម្មវិធីចូលរួមសកម្មភាពផ្សេងៗលើសពីនេះសមាជិកាសកម្មរបស់សាខាខេត្តក៏បានទទួលឱកាសក្នុងការចូលរួមកម្មវិធីជាអន្តរជាតិនានា នៅក្រៅប្រទេសផងដែរ។
លោកស្រី កែវ ដាណា លើកឡើងបន្ថែមថា ការបោះជំរំប្រចាំឆ្នាំ ជាសកម្មភាពចម្បងមួយរបស់កម្មវិធីការចូលរួមសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលតែងតែប្រារព្ធអំឡុងពេលចុងឆ្នាំ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ សាខាខេត្តបាត់ដំបង បានទទួលនូវកិត្តិយសរៀបចំការបោះជំរំប្រចាំឆ្នាំនៅលើទឹកដីនៃខេត្តផ្ទាល់។ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិត អគ្គស្នងការ ដើម្បីឱ្យប្អូនៗសមាជិកាសកម្មបានចូលរួម និងបានរៀនសូត្រគ្រប់ៗគ្នាអំពីការបោះជំរុំ។
ការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង ត្រូវបានធ្វើឡើងក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងរីសត ហែបភីណែសឡុងប្រ៊ីត ស្ថិតនៅក្នុងស្រុកសំឡូត។ ចំពោះសកម្មភាពចម្បងៗនៅក្នុងការបោះជំរំ គឺផ្ដោតលើសកម្មភាពការងារជាក្រុម ការកម្សាន្តរៀនពីបំណិនជីវិតបណ្ដុះស្មារតីជាក្រុម និងការដឹកនាំ និងចុងក្រោយគឺការយល់ដឹងអំពីអត្ថន័យនៃការដុតភ្លើងគប់ជំរំ។
លោក សុខ លូ ថ្លែងក្នុងឱកាសថា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សិទ្ធិនារីត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយការបង្កើតសមាគមកាយឫទ្ធិនារីកម្ពុជាកាន់តែជួយលើកតម្កើងតម្លៃយុវតីឱ្យក្លាយជាអ្នកដឹកនាំបន្តវេននៅថ្ងៃអនាគត។
លោក សុខ លូ បង្ហាញក្ដីសង្ឃឹមថា សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នឹងធ្វើការបោះជំរំជាលក្ខណៈទ្រង់ទ្រាយធំដោយមានការចូលរួមពីយុវតីកាន់តែច្រើនឡើង ខណៈការបោះជំរំនេះធ្វើឡើងដើម្បីពង្រឹងប្រាជ្ញាស្មារតី និងភាពក្លាហានរបស់យុវតីឱ្យក្លាយជាអ្នកដឹកនាំបន្តវេន ព្រមទាំងផ្ដល់ឱកាសឱ្យយុវតីបានយល់ដឹងបន្ថែមទៀតពីរបៀបរស់នៅជាមួយនឹងធម្មជាតិ បំណិនជីវិត ការធ្វើការងារជាក្រុម និងទទួលបានបទពិសោធន៍ចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីយកទៅអភិវឌ្ឍចំណេះដឹងផងដែរ៕