(សៀមរាប)៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ នៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ក្នុងនោះមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ គ្រួសារក្រីក្រមានកូនច្រើន និងអ្នកផ្ទុកមេរោគអេដស៍ជាដើម។
ក្នុងឱកាសនោះ លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានបន្តថា អំណោយមនុស្សធម៌ដែលផ្ដល់ជូនបងប្អូននាព្រឹកនេះ គឺប្រាកដប្រជាណាស់ថា ដល់ផ្ដល់ជូនដល់ដៃបងបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកមែន ដោយលោកអភិបាលក្រុង និងក្រុមប្រតិបត្តិសាខា បានចុះពិនិត្យផ្ទាល់។
លោកបានបន្ថែមថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ គឺសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានបរិច្ចាគដល់សាខាក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា រៀងរាល់ឆ្នាំ។ អំណោយមនុស្សធម៌ទាំងអស់នោះគឺសម្រាប់ផ្ដល់ជូនដល់គ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ គ្រួសារងាយរងគ្រោះមានមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ គ្រួសារក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារក្រីក្រមានកូនតូចជាដើម។
លោកបានឱ្យដឹងថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ធុងទឹក១ និងថវិកា៤ម៉ឺនរៀល៕