(សៀមរាប)៖ ក្រសួងបរិស្ថាន បានសហការជាមួយវិស័យឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» ដើម្បីកៀងគររកថវិការជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្រោមប្រធានបទ «យើងរួមកម្លាំគ្នាការពារបរិស្ថានកម្ពុជា»។
ពិធីនេះដែរ ក្រោមវត្តមានរបស់លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក យុន លីណេ អភិបាលរងខេត្តសៀមរាប និងលោក យ៉ាន់ ផានិត ប្រធានគម្រោង «KULEN MOUNTAIN TREK RUN» ព្រមទាំង លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងសិស្ស និសិត្សជាច្រើនចូលរួមចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក យ៉ាន់ ផានិត បានឲ្យដឹងថា នេះកម្មវិធីទី៣ហើយ ដែលយើងធ្វើកម្មវិធីរត៉នៅភ្នំគូលែន ក្នុងនោះ កម្មវិធីលើកទី១នៅក្នុងឆ្នាំ២០១៩, លើកទី២នៅក្នុងឆ្នាំ២០២៣ និងលើកទី៣នេះ នៅថ្ងៃទី២៧ ខែតុលានេះ។ លោកបន្តថា បន្ទាប់ពីរត់ប្រណាំនេះដែរ ក៏មានការដាំកូនឈើដោយក្រុមកីឡាករយើងផងដែរ។
លោក យ៉ាន់ ផានិត បានបន្តថា គោលបំណងនៃការរៀបចំកម្មវិធីរត់ឡើងភ្នំគូលែននេះ មានចំនួន៤៖
១- សកម្មភាពដែលយើងអាចចូលរួមជាមួយសង្គម
២- លើកកម្ពស់តំបន់ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ
៣- ផ្សព្វផ្សាយអំពីការយល់ដឹងពីបរិស្ថាន
៤- ព្រឹត្តិការណ៍កីឡាអេកូកម្សាន្ត និងអប់រំ។
លោកបញ្ជាក់ថា មូលហេតុដែលជ្រើរើសយកភ្នំគូលែន ដោយសារ ភ្នំគូលែន គឺជាគោលដៅទេសចរណ៍មួយ ដែលស្ថិតនៅក្រោមការអភិវឌ្ឍផែនការមេទេសចរណ៍ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥។
លោក ព្រាប កុល បានលើកឡើងថា ការកម្មវិធីរត់ប្រណាំងនៅលើភ្នំគូនេះ គឺជាកម្មវិធីមួយផ្សារភ្ជាប់ទៅនឹងការការពារបរិស្ថាន ដែលជារឿងមួយដ៏សំខាន់សម្រាប់បុព្វហេតុជាតិ ក៏ដូចជា បុព្វហេតុពិភពលោក ដែលចាំបាច់បំផុតសម្រាប់យើងក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជា សម្រាប់កូនចៅយើងទៅជំនាន់ក្រោយៗទៀតផងដែរ។
លោក ព្រាប កុល បន្តថា ការរួមចំណែកថែរក្សាបរិស្ថាននេះ គឺជាការងារដ៏ចាំបាច់បំផុត ពីព្រោះការប្រែប្រួលអាកាសធាតុ បានផ្តល់ជាអវិជ្ជមានសម្រាប់ភពផែនដីនៅទូរទាំងពិភពលោក។ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានខិតខំប្រឹងប្រែងរៀបចំតាក់តែងគោលនយោបាយជាច្រើន ដែលទាក់ទងទៅនឹងការងារបរិស្ថាននេះផងដែរ។
លោកបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរ ដោយសារ វិស័យទេសចរ ជាកត្តាដ៏សំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ចំពោះកម្មវិធីនៅថ្ងៃនេះ ក៏ជាផ្នែកមួយក្នុងការជួយទាក់ទាញវិស័យទេសចរផងដែរ។
លោក សែម ហាក់ បានលើកឡើងថា ទាក់ទងទៅកីឡានេះដែរ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ ហើយបានប្រើឈ្មោះថា កីឡាជាភាពស្រស់ស្អាត មានន័យថា កាលណាបើយើងលេង ឫរត់កីឡាធ្វើឲ្យសុខភាពល្អ, ចិត្តរបស់យើងរីករាយ និងភាពស្អាតមួយទៀតនោះ គឺមិនពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។ ជាពិសេស ក៏បានជួយដល់ភាពស្អាតដល់កុមារផងដែរ ដោយសារ កម្មវិធីនៅថ្ងៃនេះ ក៏បានកៀងគររកថវិការជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបផងដែរ។
លោកក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមក្នុងយុទ្ធនាការ ដែលក្រសួងបរិស្ថានបានដាក់ចេញគឺ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ លោកបន្តថា ក្នុងកម្មវិធីថ្ងៃក៏មិនប្រើប្រាស់ថង់ប្លាស្ទិកដែរ ហើយកែវទឹកដែលយកមកប្រើប្រាស់ទៀតនោះ គឺជាកែវក្រដាសផងដែរ។
លោកបានបញ្ជាក់ថា ក្នុងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បើគិតមកដល់ពេលនេះ គឺមានសិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការី និងប្រជាពលរដ្ឋ គឺបានចូលរួមប្តេជ្ញាចិត្តក្នុង យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានចំនួនជិត១០លាននាក់ហើយ។
លោក យុន លីណេ បានលើកឡើងថា កម្មវិធីនេះពិតជាមានសារៈណាស់ ក្នុងការរួមចំណែកដល់បេសកកម្មដ៏សប្បុរសរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ លោកបន្តថា ក្រសួងបរិស្ថាន និងវិស័យឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំកម្មវិធីនេះឡើង គឺដើម្បីចូលរួមថែរក្សាបរិស្ថាន និងស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងន័យគាំទ្រដល់សេវាពិនិត្យ ព្យាបាល និងថែទាំងសុខភាពកុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបផងដែរ។
លោកក៏សូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងវិស័យឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មពិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» នេះឡើងដើម្បីកៀងគររកថវិការជួយដល់មន្ទីរពេទ្យកុមាអង្គរ និងសូមឲ្យវិស័យឯកជនផ្សែងៗទៀត បន្តជួយគាំទ្រកម្មវិធីមនុស្សធម៌បែបនេះផងដែរ៕