(បាងកក-ថៃ)៖ ជាលើកទី១ហើយ ដែលពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ (Franchisee of the Year Award) ត្រូវបានបង្កើត ឡើងនៅឆ្នាំ២០១៦ ហើយក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជា ដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការបើកភោជនីយដ្ឋាន ដឹភីហ្សាខមផេនី (The Pizza Company) និងការ៉េម ស្វិនសិន (Swensen’s) នៅកម្ពុជា បានឈ្នះពានរង្វាន់អន្តរជាតិដំបូងនោះ។
ពិធីប្រគល់ពានបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ខណៈដែលក្រុមហ៊ុនប្រកួតប្រជែងនៃប្រទេសជាង១០ផ្សេងទៀត នៅពិភពអារ៉ាប់ តំបន់អាស៊ីអាគ្នេយ៏ មិនអាចប្រជែងនឹងក្រុមហ៊ុនកម្ពុជាបាន។
ក្រុមហ៊ុន Express Food Group (EFG ដែលជាអ្នកទទួលសិទ្ធិផ្តាច់មុខក្នុងការបើកភោជនីយដ្ឋាន ដឹភីហ្សាខមផេនី (The Pizza Company) ហាងការ៉េម ស្វិនសិន (Swensen’s) និងម៉ាកអាហារល្បីៗមួយចំនួនទៀត នៅកម្ពុជា បានក្លាយជាម្ចាស់ពានរង្វាន់អ្នក ទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ២០១៥ (Franchisee of the Year 2015 Award)។
ក្រុមហ៊ុន ម៉ាញនើហ្វូតគ្រូប (Minor Food Group) ដែលជាម្ចាស់កម្មសិទ្ធិម៉ាក ដឹភីហ្សាខមផេនី ចំនួនជា៣០៤កន្លែងលើពិភពលោក និងដែលជាអ្នកផ្តល់សិទ្ធិឱ្យប្រើម៉ាក និងពាណិជ្ជសញ្ញាអាហាររបស់ខ្លួន បានបង្កើតពាន ហ្វ្រេនឆាយហ្ស៊ី (Franchisee Award) ជាលើក ដំបូង ក្នុងឆ្នាំ២០១៦។ មានតែក្រុមហ៊ុនអ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជាទេ ដែលទទួលបានពានរង្វាន់ អន្តរជាតិនេះមុនគេ បង្អស់ ក្នុងពិភពលោក ដោយសារភាពខ្លាំងជាច្រើន ក្នុងប្រតិបត្តិការអាជីវកម្មលើហាង ដឹភីហ្សាខមផេនី និងការ៉េម ស្វិនសិន។
ក្រុមហ៊ុន ម៉ាញនើហ្វូតគ្រូប បានប្រគល់ពានរង្វាន់ដ៏ថ្មីសន្លាងនេះ ឱ្យក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីបានវាយតម្លៃយ៉ាងល្អិតល្អន់លើក្រុមហ៊ុនប្រកួតប្រជែង មកពីជាង១០ប្រទេស ផ្សេងៗគ្នា។ ក្រុមហ៊ុនទាំងនោះមានមកពីប្រទេស កម្ពុជា ឡាវ វៀតណាម មីយ៉ាម៉ា ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់ ជាដើម។
ការសម្រេចជ្រើសរើសយកក្រុមហ៊ុន អ៊ិចប្រេសហ្វូតគ្រូប ឱ្យលើកពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមប្រចាំឆ្នាំ២០១៥ នាពេលនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ចម្បងៗ។ នេះបើយោងតាមលោក ទេព វិរៈ នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) ដែលបានបញ្ជាក់ថា ក្នុងចំណោមគុណសម្បត្តិទាំងនោះមានដូចជា៖ ១-ស្តង់ដារប្រតិបត្តិខ្ពស់ជាងគេ (ស្តង់ដារផលិតផល សេវាកម្ម និង អនាម័យ ) ២-កំនើនការលក់រវាងហាងនឹងហាងបានខ្ពស់ជាងគេ ៣-ទទួលបានប្រាក់ចំណូលច្រើនជាងគេ និង៤- ការពង្រីកសាខា ភោជនីយដ្ឋានបានឈានមុខគេ។
លោក ទេព វិរៈ នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) បានដឹកនាំក្រុមហ៊ុននេះអស់រយៈពេលជាង១០ឆ្នាំ មកហើយ គឺចាប់តាំងពីការបង្កើតភោជនីយដ្ឋាន ដឹភីហ្សាខមផេនី ដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០០៥។ លោកបានថ្លែងសង្កត់ធ្ងន់ថា៖ «ខ្ញុំពិតជា មានសេចក្ដីសោមនស្សណាស់ ដែលបានទទួលពានរង្វាន់អ្នកទទួលសិទ្ធិផ្តាច់មុខឆ្នើមពីក្រុមហ៊ុន ម៉ាញនើហ្វូតគ្រូប មុនគេដូច្នេះ។ នេះជាមោទនភាពរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) របស់កម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នក គ្រប់គ្រងនិងបុគ្គលិកទាំងអស់ របស់ក្រុមហ៊ុនដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទទួលខុសត្រូវ ខ្ពស់លើគ្រប់ផ្នែក និងដែលបានបំពេញចិត្តអតិថិជន បានយ៉ាងល្អឥតខ្ចោះក្នុងពេលកន្លងទៅ។ យើងទាំងអស់គ្នានៅតែបន្តបេសកម្មធ្វើអោយអតិថិជន សប្បាយចិត្ត We Smile, We Make Our Customer Happy»៕