(ព្រះសីហនុ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០នាក់ ដើម្បីសម្អាតតំបន់ឆ្នេរ អូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។

យុទ្ធនាការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុស ស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយ និរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជ រដ្ឋាភិបាលកម្ពុជា។

តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អ ដោយការបរិច្ចាគសម្ភារៈ ឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំង អំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងថា៖ «ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាកត្តាដ៏សំខាន់សម្រាប់ភាពរីកចម្រើន យូរអង្វែងរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈការផ្តល់អាទិភាពដល់ការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងសហគមន៍ក្នុងខេត្តព្រះសីហនុ យើងអាច លើកមុខមាត់ក្រុងព្រះសីហនុរបស់យើង បង្កើនភាពទាក់ទាញ បង្កើនភ្ញៀវទេសចរ និងឈានទៅជំរុញ សេដ្ឋកិច្ច ក្នុងខេត្ត ព្រមទាំងរក្សាបាននូវធនធានធម្មជាតិដ៏មានសក្តានុពលរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»

លោកអភិបាលរងខេត្តក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ យុវជន វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ក៏បានសម្ដែងនូវការ គាំទ្រចំពោះសារលើកទឹកចិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយលោកបានបន្ថែមសារជំរុញឱ្យមានសកម្មភាព និងចាត់វិធានការរួមគ្នាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់យើង។

លោកបានលើកឡើងថា៖ «សហគមន៍ គឺជាផ្ទះរបស់យើង ដែលស័ក្តិសមនឹងទទួលបានការមើលថែ និងយកចិត្តទុកដាក់ខ្ពស់ពីយើងគ្រប់គ្នា។ មិនថាយើងជាអ្នកណា មកពីមជ្ឈដ្ឋានខុសគ្នាបែបណា យើងមានតួនាទី និងទំនួលខុសត្រូវរួមគ្នាមួយ គឺស្រលាញ់ ថែរក្សា ការពារ និងអភិវឌ្ឍផ្ទះរបស់យើងឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។  

លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការនេះនឹងក្លាយជាចលករបំផុសស្មារតីរាល់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ ប្រជាជនគ្រប់រូប។

គួរបញ្ជាក់ថា នេះជាចលនាសម្អាតលើកទី៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Camboida) និងដៃគូពាក់ព័ន្ធ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាឥតងាករេរបស់ក្រុមហ៊ុនចំពោះមហិច្ឆតាចីរភាពរបស់ខ្លួន និងជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របតាមគោលបំណងជាសកលរបស់ខ្លួន «អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»

ស្របតាមគោលដៅជាសកលនេះ ខេមប្រ៊ូវ បាននឹងកំពុងបន្តភាពសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម របស់បរិស្ថាន និងសង្គម តាមរយៈកម្មវិធី ESG Program របស់ខ្លួនមានជាអាទិ៍៖ គ្មានការបំភាយកាបូន គ្មានការខ្ជះខ្ជាយទឹក ការប្រគល់ត្រឡប់ទៅឱ្យសហគមន៍វិញនូវទឹកស្អាតស្មើនឹងបរិមាណទឹក ដែលបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញសេដ្ឋកិច្ចចក្រា និងការបង្កើនអត្រាប្រមូលសំបកវេចខ្ជប់ ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញឱ្យបាន ៩០% នៃបរិមាណដែលយើងបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មជាដើម នៅត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៤០៕