(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាច្រើនកុះករ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ដែល លោក សុខ ផេង និង លោក សុខ ពុទ្ធិវុធ ជាសហប្រធានក្រុមការងារ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានបើកវេទិកាសាធារណៈផ្ទៃក្នុង ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ព្រមទាំងបានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕