(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញផ្តល់ម៉ូតូ ៣គ្រឿង ដល់សិស្សនិទ្ទេស A ៣រូប ព្រមទាំងប្រកាសផ្តល់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាចំនួន ១៥កន្លែង ដល់សិស្សទើបប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសផ្តល់ម៉ូតូដល់សិស្សនិទ្ទេស A និងផ្តល់អាហារូបករណ៍សម្តេចតេជោចំនួន ១៥កន្លែងនៅក្នុងស្រុកព្រៃឈរនេះ លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានរំលឹកពីប្រវត្តិអប់រំនៅកម្ពុជាក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ផងដែរ។ លោករដ្ឋមន្រ្តី បានថ្លែងថា នៅក្រោយថ្ងៃរំដោះ កម្ពុជា នៅសេសសល់បញ្ញាវន្ត និងអ្នកចេះដឹងតិចតួចបំផុត ពេលនោះរដ្ឋចាំបាច់ត្រូវអនុវត្តគោលការណ៍ «អ្នកចេះ បង្រៀនអ្នកមិនចេះ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច»។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា គោលការណ៍នេះ ជាវិធីដ៏មានសារៈសំខាន់ជំរុញឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍទាំងចំណេះដឹង អាចដោះស្រាយរាល់បញ្ហាកើតមានជុំវិញខ្លួនឯង, គ្រួសារ, និងសហគមន៍ ដើម្បីចូលរួមស្តារ និងកសាងមាតុភូមិកម្ពុជាឡើងវិញ។
លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានគូសបញ្ជាក់យ៉ាងដូច្នេះ «វិស័យអប់រំ ជាកូនសោគន្លឹះនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជនទៅនឹងការអភិវឌ្ឍជាតិ»។
លោក ប៉ាន សូរស័ក្តិ បានបង្ហាញក្តីរំពឹងថា សិស្សទើបជាប់បាក់ឌុបក្នុងស្រុកព្រៃឈរនឹងខិតខំប្រឹងប្រែង សិក្សានៅថ្នាក់មហាវិទ្យាល័យ បន្តទៀត ដើម្បីជាគុណប្រយោជន៍ក្នុងការពង្រឹងសមត្ថភាព ឲ្យក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ សំដៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរុងរឿង។
ក្រៅពីការផ្តល់ម៉ូតូដល់សិស្សនិទ្ទេស A និងប្រកាសផ្តល់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន ដែលជាប់បាក់ឌុបនៅក្នុងស្រុកព្រៃឈរ ហើយនោះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់ថវិកាមួយចំនួនដល់នាយក នាយករង គ្រូបង្គោល ព្រមទាំងសិស្សមកពីសាលា ក្នុងស្រុកព្រៃឈរផងដែរ៕