(សៀមរាប)៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីសប្តាហ៍ម្ហូបអាហារ កម្ពុជា-ចិន ប្រធានបទ «អាហារល្អសម្រាប់ទាំងអស់គ្នា» នៅបរិវេណមុខសួនព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោកស្រី គង់ រ័ត្នលំអង អគ្គនាយករង តំណាងលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ផងដែរ។

សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញស្តីពី «ការចែករំលែកមុខម្ហូបកម្ពុជា-ចិន ទៅកាន់ពិភពលោក» ដោយលោក លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍, លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ធ្វើបទបង្ហាញ «ទេសចរណ៍ម្ហូបអាហារខ្មែរ», លោក Wu Sheng Qun មេចុងភៅប្រចាំខេត្តហៃណាន ធ្វើបទបង្ហាញស្តីពីបាយមាន់ហៃណាន និងលោក ឈុន ប៊ុនឈូ មកពីសមាគមចុងភៅកម្ពុជា ធ្វើបទបង្ហាញស្តីពីរសជាតិម្ហូបនៅសៀមរាប។

ក្នុងឱកាសនោះ លោកស្រី គង់ រ័ត្នលំអង បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គមកម្ពុជា និងបន្តលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការបង្កើតផលិតផល ទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច។

លោកស្រីបន្តថា ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិកាន់តែច្រើនមកទស្សនា និងវិនិយោគនៅកម្ពុជា ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនានា រួមមាន «ទស្សនាសៀមរាប ឆ្នាំ២០២៤», «ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤», «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា» លើកទី១ និងព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើនទៀតទាំងក្នុង និងក្រៅប្រទេសផងដែរ។

លោកស្រី គង់ រ័ត្នលំអង បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ក្រសួងទេសចរណ៍ ជាពិសេសការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិងកិច្ចសហការដ៏ល្អពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកស្រីបន្ថែមថា តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិចំនួន៧លាននាក់ ក្នុងនោះទេសចរចិនមានចំនួនជាង២លាននាក់ នៅដំណាច់ឆ្នាំ២០២៥។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ និងវិនិយោគិនទាំងអស់ ជាពិសេសជនជាតិចិនមកទស្សនា និងវិនិយោគនៅកម្ពុជា។

លោកស្រីបន្តទៀតថា សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី មត៌ក និងភាពខុសប្លែកគ្នានៃសហគមន៍នានា។ វប្បធម៌ម្ហូបអាហារ ជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណី ដែលមានអាយុកាលជាយូរមកហើយ ប៉ុន្តែត្រូវបានគេបំភ្លេចចោលដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការផ្លាស់ប្តូររបៀបរបបទទួលទានអាហារ និងការកើនឡើងនូវតម្លៃម្ហូបអាហារ ជាកត្តាសំខាន់ ក្នុងការជំរុញឱ្យមានសកម្មភាពទេសចរណ៍។

លោកស្រីបញ្ជាក់ថា ទេសចរណ៍ម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យមានភាពទាក់ទាញដល់គោលដៅទេសចរណ៍ ព្រោះភ្ញៀវទេសចរតែងតែចង់ ទទួលបាននូវបទពិសោធន៍នៃរសជាតិម្ហូបអាហារប្រចាំតំបន់ នៅតាមគោលដៅទេសចរណ៍ និងកន្លែងស្នាក់នៅ បានប្រែក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារ។

ជាមួយនេះដែរ លោកស្រីក៏បានថ្លែងអំណរគុណដល់សិក្ខាសាលាទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមស្តាប់ការធ្វើបទបង្ហាញពីវាគ្មិនល្បីៗ ដែលនឹងបង្ហាញជូននាពេលនេះ។ លោកស្រីសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមជួយផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនឱ្យកាន់តែទូលំទូលាយផងដែរ៕