(ភ្នំពេញ)៖ លោក សុខ សូកេន ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាក្រសួងអធិការកិច្ចជាលើកដំបូង នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សក្រសួងសរុបប្រមាណជាង ៤០០នាក់។

លោ សុខ សូកេន បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សក្រសួងអធិការកិច្ចប្រកបដោយភាពរីករាយនិងបរិយាកាសស្និទ្ធស្នាល និងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់សមាជិកគណបក្ស ដើម្បីពង្រឹងប្រសិទ្ធភាពការងារស្នូលរបស់ក្រសួង ក៏ដូចជាការងារដែលគណបក្សប្រគល់ជូន។ 

លោកបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់នាពេលកន្លងក្នុងវិស័យអធិការកិច្ច និងជំរុញលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអធិការកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

ជាពិសេសលោកប្រធានគណបក្សក្រសួងបានជំរុញឱ្យសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ចូលរួមជំរុញដំណើរការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ, ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕