(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណ​ក្ខន្ធ​សពលោក ជា ចាន់តូ ដែលកំពុងតម្កល់រៀបចំពិធីបុណ្យនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារ​ជាតិ​នៃកម្ពុជា បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវមរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុតជាមួយក្រុមគ្រួសារសព។

សម្តេចមហាបវរធិបតី សម្តែងនូវសេចក្តីសង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមរណភាពរបស់លោកបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយ​សង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី។

មរណភាពរបស់លោកបណ្ឌិត ក៏ជាការបាត់បង់ឥស្សរជនដ៏ឆ្នើមរបស់ជាតិ ដែលតែងតែបានធ្វើពលិ​កម្មគ្រប់​បែបយ៉ាង ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ លើកស្ទួយ កិត្យានុភាពជាតិ​លើ​ឆាកអន្តរជាតិ និងធ្លាប់បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបំផុតជូនប្រទេសជាតិ តាមរយៈការ​កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូតមក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត ជា ចាន់តូ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕