(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថមន្ទីរយុត្តិធម៌ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៥៦៨ នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៦នេះ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម តង អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន៣កូនថង់ ទម្ងន់ ៦,២ក្រាម, ទូរស័ព្ទចំនួន២គ្រឿង , កាំបិតចំនួន៣ដើម, កូនថង់កិបសម្រាប់ច្រកគ្រឿងញៀន, និងសម្ភារ:សម្រាប់ជក់គ្រឿងញៀន មួយចំនួនផងដែរ។
ក្រោយពីសមត្ថកិច្ចជំនាញសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានព្រឹត្តសកម្មភាពចែកចាយពិតមែន។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕