(សៀមរាប)៖ ក្រោយពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានកាត់ត្រួសត្រាយមែកឈើ ដែលដុះលយចេញមកគ្របដងផ្លូវ បណ្តាលឲ្យផ្លូវតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ នាពេលភ្ជុំបិណ្ឌកន្លងមក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានឆ្លងកាត់ខ្នងទំនប់បារាយណ៍ទឹកថ្លា បានសម្តែងការត្រេកអរ និងអបអរសាទរគាំទ្រ ចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងភ្ញៀវទេសចរដែលបានមកលេងបារាយណ៍ទឹកថ្លា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ បានសម្តែងការស្វាគមន៍អបអរសាទរ និងត្រេកអរសប្បាយរីករាយ នៅពេលពួកគាត់ឃើញតាមដងផ្លូវ លើខ្នងទំនប់បារាយណ៍ទឹកថ្លានេះ ស្រឡះស្អាត ធំទូលាយ និងងាយស្រួលក្នុងការធ្វើដំណើរ។
លោកស្រី កុក យិប ជាអ្នកលក់ដូរនៅលើខ្នងទំនប់បារាយណ៍ បាននិយាយថា លោកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលឃើញតាមដងផ្លូវ លើខ្នងទំនប់បារាយណ៍នេះ ធំទូលាយ ស្រឡះស្អាត ងាយស្រួលធ្វើដំណើរទាំងថ្ងៃទាំងយប់ មិនពិបាកដូចមុនទៀតទេ។ លោកស្រីបញ្ជាក់ថា រយៈកាលកន្លងមក មានការត្អូញតែ្អរពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរនិងភ្ញៀវទេសចរ។ ពួកគាត់ពិបាកធ្វើដំណើរដោយសារមានមែកឈើ ដុះលយចេញមកគ្របបាំងលើដងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀតលំបាកជៀសគ្នា និងបាំងមើលគ្នាមិនឃើញ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។
លោក ខែត ជាអ្នកធ្វើដំណើរ បានសម្តែងការសប្បាយរីករាយផងដែរ នៅពេលឃើញផ្លូវលើខ្នងបារាយណ៍ ធំទូលាយ ស្រឡះស្អាត ស្រួលធ្វើដំណើរ។ ទន្ទឹមគ្នានេះដែរ លោកក៏បានអរគុណ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវទំនប់បារាយណ៍ទឹកថ្លានេះ និងសូមជូនពរឲ្យថ្នាក់ដឹកនាំ មន្រី្តបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ ជួបប្រទះតែសេចក្តីសុខចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
សូមរំម្លឹកថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦អាជ្ញាធរជាតិអប្សរាបានកាត់ត្រួសត្រាយមែកឈើ ដែលដុះលយចេញមកគ្របបាំងលើដងផ្លូវ តាមខ្នងទំនប់បារាយណ៍ទឹកថ្លា ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើង នៅពេលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរទៅវិញទៅមក លើខ្នងទំនប់បារាយណ៍ទឹកថ្លានេះ៕