(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា បច្ចុប្បន្ននេះខេត្តព្រះវិហារ ជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុងចំណោមគោលដៅទេសចរណ៍ទាំង២៥រាជធានី-ខេត្ត ហើយខេត្តព្រះវិហារ មានគោលដៅទស្សនាកម្សាន្តជាច្រើនថែមទៀតដូចជា គោលដៅវប្បធម៌ប្រវត្ថិសាស្ត្រ គោលដៅវប្បធម៌ធម្មជាតិ គោលដៅសហគមន៍ គោលដៅអភិរក្ស និងគោលដៅរមណីយដ្ឋានកែច្នៃ។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» ដែលរៀបចំធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅប្រាសាទកោះកែរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងស្ថប័នពាក់ព័ន្ធជាច្រៀនទៀត។

បន្ទាប់ពីបានអាននូវសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» ជូនអង្គពិធីបានស្តាប់ រួចមក លោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរទេសចរណ៍ខេត្ត ដែលបានខិតខំប្រឹងប្រែងសហការរៀបចំកម្មវិធី និងព្រឹត្តិការទេសចរណ៍ផ្សេងៗ ក្នុងគោលបំណងផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្លើយតបនឹងបរិបទសកលនាពេលបច្ចុប្បន្ន និងអនាគត សំដៅលើកកម្ពស់វិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសគឺការរៀបចំទិវាទេសចរណ៍ពិភពលោកនាពេលនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់លើ កិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់បណ្តាលប្រទេស និងរដ្ឋជាសមាជិកអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយផ្តោតទៅលើការលើកកម្ពស់ និងការអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា សំដៅជំរុញឱ្យមាននូវឱកាសការងារ ឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោក គីម រិទ្ធី បានថ្លែងបញ្ជាក់យ៉ាងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» និងដើរតួនាទីដ៍សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ឱកាសការងារធ្វើដោយផ្ទាល់និងដោយប្រយោល។

អភិបាលខេត្តបានថ្លែងបន្តឱ្យពង្រឹងកិច្ចសហការរវាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ដើម្បីរៀបចំផែនការអភិវឌ្ឍទេសចរណ៍ជនបទបន្ថែមទៀត ដោយឈរលើគោលការណ៍នៃការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់មូលដ្ឋាន សហគមន៍ទេសចរណ៍ ដែលកំពុងដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត សំដៅពង្រឹងតួនាទីទេសចរណ៍ និងចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម ដែលរៀបចំដោយអង្គការទេសចរណ៍ពិភពលោក៕