(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ដូចបណ្តាឆ្នាំកន្លងទៅ ក៏ដូចជាគោលបំណងរក្សានូវប្រពៃណីទំនៀមទំលាប់ដូនតារបស់យើង។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ពិធីប្រណាំងទូក នឹងធ្វើឡើងនៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ គឺជាលក្ខណៈមិត្តភាពរវាងមន្ទីរអង្គភាពជុំវិញខេត្ត សាលាខេត្ត សាលាក្រុង ស្រុក។ ជាមួយគ្នានេះ ក៏មានការរៀបចំពិធីតាំងលក់ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី បាញ់កាំជ្រូច និងបង្ហោះគោម និងល្បែងកំសាន្តផ្សងៗជាច្រើនផងដែរ៕