(ភ្នំពេញ)៖ សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សម្តេច មហាមន្ត្រី គុយ សុផល បានបញ្ជាក់ថា «តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ដែលកំពុងបម្រើការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង អំពីការទទួលមរណភាពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលជាស្វាមី ឪពុកបង្កើត និងជាជីតា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ»។

ខ្ញុំសូមសម្តែងនូវការសោកស្តាយដ៏ក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។ ការចូលមរណភាពឯកឧត្តម ជា ចាន់តូ ជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែល ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិ ដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាង សកម្មអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និង
ព្រះមហាក្សត្រ ។

ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ និងសូម វិញ្ញាណក្ខន្ធឯកឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូម លោកជំទាវ ទទួលនូវការរាប់អាន អំពីខ្ញុំ៕