(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ពិតជាមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានសម្តែងនូវការអាឡោះអាល័យក្រៃលែង ពុំអាចរកអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលជាការបាត់បង់ឧត្តមស្វាមី ឪពុក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត មានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ បានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទល្អៗដល់កូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយគន្លងធម៌ និងមានអនាគតរុងរឿង។

ការលាចាករបស់ ឯកឧត្តម គឺជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងជាសប្បុរសជនដ៏សំខាន់មួយរូបក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទាំងក្ដុកក្ដួលក្នុងចិត្ដថា ទោះបីរូបកាយរបស់ឯកឧត្តមបានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ កិត្តិយសគុណធម៌ របស់ ឯកឧត្តម នឹងស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ និងសហការី ព្រមទាំងយុវជន អ្នកស្ម័គ្រចិត្ត នៃកាកបាទក្រហមកម្ពុជា ជានិច្ចនិរន្តរ៍។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី និងសហការី សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕