(បន្ទាយមានជ័យ)៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការ សង្កេតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដោយដាក់ការសង្ស័យថា មានចេញចូល ទំនិញខុសច្បាប់ បង្កឲ្យប៉ះពាល់នូវចំណូលរដ្ឋ យ៉ាងធ្ងន់ធ្ងរ។ ក្រោយចុះពិនិត្យ លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា ច្រករបៀងនេះ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរទំព័រ ស្រុកម៉ាឡៃ ស្ថិតក្រោមការគ្រប់គ្រប់របស់ លោក រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ព្រំដែនក្បាលទំនប់ ដោយច្ររបៀងមួយនេះគឺ មានផ្លូវចូលខាងក្រោយផ្លូវចូលផ្ទះលោក ជឺន សុខន ហៅសុខ មេបញ្ជាការរងការពារព្រំដែនគោកលេខ ៨១៥។
លោកព្រះរាជអាជ្ញា បានប្រាប់បន្ថែមនៅព្រឹកថ្ងៃទី៧ ខែតុលានេះថា «អ្វីដែលសំខាន់យើង បានទទួលបណ្តឹងពីប្រជាពលរដ្ឋ ពាក់ព័ន្ធក្នុងករណីបង្ខាំងមនុស្ស ដោយខុសច្បាប់ និងលាក់ឈើប្រណិត ហើយក្រោយពិនិត្យ កម្លាំងជំនាញរកមិនមានលាក់ឈើទេ ប៉ុន្តែរកឃើញមានច្រករបៀងមួយ មិនដឹងថាមានច្បាប់ ឬអត់ច្បាប់»។
លោកបានឲ្យដឹងថា តាមការសាកសួរព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ កន្លងមកមាននាំទំនិញខុសច្បាប់ និងទំនិញគេចពន្ធ ចេញតាមច្រកនេះ ដែលធ្វើឲ្យខាតបង់ចំណូលរដ្ឋ យ៉ាងច្រើន ផ្ទុយពីអនុសាសន៌របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យបិទគ្រប់ច្រករបៀងទាំងអស់ ដោយសារមានការលួច ចូលដោយខុសច្បាប់ ទៅប្រទេសថៃ រីឯករណីបង្ខាំមនុស្ស លោកព្រះរាជអាជ្ញា កំពុងបញ្ជាឲ្យអាវុធហត្ថស្រុក បើកការស៊ើបអង្កេត ក្នុងករណីនោះបន្ថែមទៀត។
បើតាមការខ្សិបខ្សៀវ ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ បានឲ្យដឹងថា ទីតាំងច្រករបៀងខាងលើនេះ គឺពួកគាត់មិនហ៊ានចូលផ្តេសផ្តាស់ទេ ព្រោះមានរបងថ្ម ទ្វាដែកធំបែបនេះ ជាពិសេសមានសត្វឆ្កែ ជាច្រើនក្បាលនៅក្នុងផ្ទះ និងផ្លូវចូលច្រកនេះ។ ដោយឡែក លោក ជឺន សុខន ហៅសុខ បានអះអាង នៅចំពោះមុខលោកព្រះរាជាអាជ្ញា អមសាលាដំបូង និងសមត្ថកិច្ចចម្រុះថា ច្រករបៀង គឺមាននៅក្រោយដីផ្ទះ ដីចំការគាត់មែន ហើយច្រករបៀង គឺមានបងប្អូនប្រជាពលរដ្ឋចេញចូលជាធម្មតា ខ្លះពួកគាត់ចូល ទៅធ្វើស្រែចំការពួកគាត់។
យ៉ាងណាមិញ លោក ឈិត លី មេបញ្ជាការការពារព្រំដែនគោកលេខ ៨១៥ បានបញ្ជាក់ដូច្នោះថា ច្រករបៀង គឺគ្មានការនាំយកទំនិញអ្វីទេ តែកន្លងមកមានការហ៊ុព័ន្ធផ្ទះ លោក ជឺន សុខន ហៅសុខ ពីសំណាក់សមត្ថកិច្ចចម្រុះម្តងដែរ ដោយចោទពីបទមានការនាំយកឈើក្រញ៉ូង ចេញមកពីប្រទេសថៃ តែការពិតគ្មានអ្វីនោះឡើយ។ លោក បន្ថែមថា ច្រករបៀងនោះ គឺច្រកចំណុះឲ្យប៉ុស្តិ៍ព្រំដែនក្បាលទំនប់ទេ គឺជាស្លាបខាងស្តាំ ផងដែរ សម្រាប់ការពារនូវអ្វីដែលកើតឡើង ដោយយថាហេតុប៉ុណ្ណោះ៕