(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធពិធី «បដិសណ្ឋារកិច្ចប្រចាំ២០២៤» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា។
កម្មវិធីនេះមានអ្នកចូលរួមជាង១៥០នាក់ ក្រោមអធិបតីភាព លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និងលោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារកយកា-KOICA បានចូលរួមយ៉ាងសកម្មក្នុងទម្រង់ជាច្រើននៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដូចជាគម្រោងទ្វេភាគី គម្រោងភាពជាដៃគូពហុភាគី កម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត (World Friends Korea) និង កម្មវីធីបណ្តុះបណ្តាល CIAT (Capacity Improvement and Advancement for Tomorrow-ការកែលម្អសមត្ថភាព និងការរីកចម្រើនសម្រាប់អនាគត)។ ចាប់តាំងពីការបណ្តុះបណ្តាលដំបូងពីឆ្នាំ១៩៩៤ កម្មវិធីកម្មវីធីបណ្តុះបណ្តាល CIAT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា ដោយមានមន្ត្រីកម្ពុជាប្រហែលបួនពាន់ (៤ ០០០) នាក់ទទួលបានអត្ថប្រយោជន៍ពីឱកាសទាំងនេះនៅប្រទេសកូរ៉េ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានថ្លែងសុន្ទរកថាអបអរសាទរក្នុងអំឡុងពេលកម្មវិធីនេះ។ លោកបានកោតសរសើរចំពោះវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើទំនាក់ទំនងដែលកំពុងបន្តនិងការផ្លាស់ប្តូរប្រជាជនទៅប្រជាជនកម្ពុជា-កូរ៉េ។ លោកឯកអគ្គរដ្ឋទូត ផាក ក៏បានសម្តែងក្តីសង្ឃឹមថាសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) នឹងបន្តធ្វើជាស្ពានដ៏សំខាន់រវាងប្រទេសទាំងពីរ។
នៅឆ្នាំ២០២៤ ទីភ្នាក់ងារកយកា-KOICA បានបើកវគ្គបណ្តុះបណ្តាលចំនួន៩វគ្គ ដើម្បីដោះស្រាយតម្រូវការជាក់លាក់របស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីមកពីក្រសួងនានា ដូចជាក្រសួងយុត្តិធម៌ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាដើម បានចូលរួម ដោយមានមន្ត្រីរដ្ឋាភិបាលកម្ពុជាជាង១៦០នាក់ ទទួលបានការយល់ដឹង និងចំណេះដឹងដ៏មានតម្លៃពីកម្មវិធីបណ្តុះបណ្តាលជាច្រើន។
កម្មវីធីឆ្នាំនេះមានតំណាងមកពីក្រសួងសំខាន់ៗ ជាពិសេសក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ(PPCA) ដែលបានចែករំលែកបទពិសោធន៍របស់ពួកគាត់ លើការដោះស្រាយបញ្ហាប្រឈមបរិស្ថាន ដោយផ្តោតជាពិសេសលើការគ្រប់គ្រងកាកសំណល់នៅកម្ពុជា។ ក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងគោលនយោបាយថ្នាក់ជាតិស្តីពី ការគ្រប់គ្រងកាកសំណល់ជាពិសេសក្នុងបទប្បញ្ញត្តិ និងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងកាកសំណល់រ៉ែ។ ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីតួនាទីសំខាន់របស់ អាជ្ញាធរ មូលដ្ឋានក្នុងការដោះស្រាយការគ្រប់គ្រងកាកសំណល់នៅរាជធានីភ្នំពេញ។
សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយអតីតកម្មសិក្សាការីន និងនិស្សិតដែលបានទទួលការបណ្តុះបណ្តាលតាមរយៈកយកា-KOICA បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពចែករំលែកចំណេះដឹង និងការចូលរួមចំណែកសង្គមរវាងប្រជាជាតិទាំងពីរកម្ពុជា-កូរ៉េ។ កាលពីខែតុលាកន្លងទៅ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) បានសហការជាមួយអ្នកស្ម័គ្រចិត្ដកយកា-KOICA បានរៀបចំព្រឹត្តិការណ៍រួមចំណែកសង្គមដ៏មានអត្ថន័យ តាមរយៈការបរិច្ចាគសម្ភារៈអប់រំ និងសុខភាពដល់ខេត្តកំពង់ឆ្នាំង។
នៅក្នុងសុន្ទរកថាស្វាគមន៍ នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពចែករំលែកចំណេះដឹងដែលកំពុងបន្តរបស់ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) និងការរួមចំណែករបស់ខ្លួនក្នុងការគាំទ្រសហគមន៍មូលដ្ឋាន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ក្នុងសុន្ទរកថាបើក បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA សម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់ឥតឈប់ឈរចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើឥទ្ធិពលវិជ្ជមានរបស់ទីភ្នាក់ងារកយកា-KOICA ចំពោះប្រទេសកម្ពុជា។
ទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់របស់ស្ថាប័នទំាងពីរនេះក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដោយកសាងលើតម្លៃរួមគ្នា និងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតដ៏រុងរឿង៕