(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងដៃគូសន្ទនា (The Eleventh Meeting of the ASEAN Ministers Responsible for Culture and Arts and Related Meetings with Dialogue Partners) ក្រោមប្រធានបទ «ចងស្ពានវប្បធម៌ ដើម្បីកសាងអនាគត៖ ឯកលក្ខណៈភាពក្នុងពហុលក្ខណៈ (Bridging Cultures, Building Futures: Unity in Diversity)»។
នៅក្នុងកិច្ចប្រជុំ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះ ការងារ អាទិភាពទាំង៣ ដែលរដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្ដូរវេនរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកិច្ចការ វប្បធម៌បានផ្ដួចផ្ដើមឡើង។ ការងារ អាទិភាពទាំង៣ នោះគឺផ្តោតទៅលើយុវជន សេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងឌីជីថលនីយកម្ម។
លោកស្រីបានសាទរ ប្រធានម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋរបស់អាស៊ាន ដែលកិច្ចការនេះជាកិច្ចការសំខាន់ដូចដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍សៀមរាបរបស់អាស៊ាន ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រតិដ្ឋ និងភាពសម្របខ្លួន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Siem Reap Declaration on Promoting a Creative and Adaptive ASEAN Community to Support the Cultural and Creative Economy) ។
ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតសភាចារ្យបានរំលេចផងដែរថា ភាពចម្រុះនិងសម្បូរបែបនៃវប្បធម៌របស់អាស៊ាន គឺជាសម្បត្តិដ៏មហាសាលមួយដែលអាចចូលរួមទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន។ កិច្ចប្រជុំបានពិភាក្សាគ្នាបន្ថែមទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបណ្តាប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ព្រមទាំងពិចារណាផងដែរទៅលើដៃគូថ្មីៗរបស់អាស៊ាន៕