(ភ្នំពេញ)៖ ដោយសារស្ថានភាពទឹកភ្លៀងមានសភាពខ្លាំង និងធ្លាក់ជាប់គ្នា ជាច្រើនថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យកម្រិតកម្ពស់ទឹកមានការកើនឡើង ហើយកំពុងគំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងខណ្ឌដង្កោ ដែលត្រូវទទួលទឹកពីខេត្តកំពង់ស្ពឺ និងតំបន់ខាងលើ។
ដើម្បីត្រៀមដោះស្រាយគ្រោះធម្មជាតិមួយនេះ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ ចុះទៅពិនិត្យស្ថានភាពទឹក និងពិនិត្យទីតាំងទួលសុវត្ថិភាព សម្រាប់ត្រៀមបង្ការ គ្រោះទឹកជំនន់ ហើយត្រៀមជម្លៀសបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ។
យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប្រចាំការនៅទំនប់៧មករា ស្ថានភាពកម្ពស់ទឹកនៅថ្ងៃនេះ កម្ពស់ទឹកនៅខណ្ឌដង្កោ មានកម្ពស់៦,៧០ម៉ែត្រ ដែលកម្រិតដែលត្រូវប្រុងប្រយ័ត្នខ្ពស់ គឺមានកម្ពស់៧ម៉ែត្រ ព្រោះខណ្ឌដង្កោ ស្ថិតនៅតំបន់ខាងក្រោម ដែលត្រូវមានទឹកហូរធ្លាក់ពីខេត្តកំពង់ស្ពឺ និងតំបន់ខាងលើផ្សេងទៀត ដូចជាទ្វារទឹកទំនប់ពាមឃ្លៃ ទំនប់រលាំងជ្រៃ ហើយដែលតាមស្ថានភាពនេះ រដ្ឋបាលខណ្ឌ បានយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកស្ទឹងដែលនឹងអាចកើនឡើង ដោយសារកម្រិតទឹកភ្លៀង ដូច្នេះលោកអភិបាល បានត្រៀមរួចជាស្រេចដើម្បីស្វែងរកទីទួលសុវត្ថិភាព ដើម្បីបង្ការផលប៉ះពាល់នានានៃគ្រោះទឹកជំនន់ ជូនបងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ នុត ពុធដារ៉ា បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតាមដានស្ថានភាពទឹក ជាប្រចាំ ដើម្បីដើម្បីងាយស្រួលចុះជួយអន្តរាគមន៍ទាន់ពេលវេលា ជូនពួកគាត់៕