(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា តបតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។
គម្រោងកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា បានប្រើប្រាស់ថវិកាសរុប ២២.៥៩៥.៣៥០,១៤ដុល្លារអាមេរិក។ ក្នុងនោះថវិកា ២០.៤១៤.៩៩៥,១៤ដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២.១៨០.៣៥៥ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងថា គម្រោងនេះបានសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម។
តាមរយៈគម្រោងនេះ ទទួលបានសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖
* សាងសង់អគារសិក្សា ២៣ខ្នង មាន ២៩៩បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត
* សាងសង់អគារធនធាន ១៧ខ្នង ដែលមានបំពាក់សម្ភារៈសំខាន់ៗរួមមាន៖ បំពាក់គ្រឿងសង្ហារិមនៅគ្រប់បន្ទប់ និងមានតម្លើងប្រព័ន្ធសម្លេងនៅបន្ទប់ប្រជុំ ចំនួន១៧, បំពាក់កុំព្យូទ័រលើតុ ៣៤បន្ទប់ មានចំនួន ៥៤៤គ្រឿង ម៉ាស៊ីនបោះពុម្ព ចំនួន៣៤គ្រឿង, សៀវភៅអាន ៦០១ចំណងជើង មានចំនួន ៥១.៦៤៦ សៀវភៅ, អក្សរសិល្ប៍ខ្មែរ-កំណាព្យ អក្សរសាស្ត្រខ្មែរ រឿងនិទាន និងប្រជុំរឿងព្រេង ប្រវត្តិសាស្ត្រ-ជីវប្រវត្តិ សុភាសិតបុរាណ អរិយធម៌-វប្បធម៌-សិល្បៈ ឧបករណ៍តន្ត្រី-ភ្លេង របាំល្បែងប្រជាប្រិយខ្មែរ និងល្ខោនខ្មែរ គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា កុំព្យូទ័រ កេហកិច្ច សុខភាព-វេជ្ជសាស្ត្រ ផ្សេងៗ កសិកម្ម-សត្វ សៀវភៅភាសាបារាំង អង់គ្លេស ច្បាប់ហិរញ្ញវត្ថុ រូបវិទ្យា រឿងប្រលោមលោក វចនានុក្រម ភូមិវិទ្យា-ផែនដីវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម សិលធម៌ និងពលរដ្ឋវិទ្យា ទស្សនវិទ្យា ទេសចរណ៍ និងបរិស្ថាន និងបំពាក់ឧបរណ៍ពិសោធន៍វិទ្យាសាស្ត្រមុខវិជ្ជា(រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា) ចំនួន៣៤បន្ទប់។
* សាងសង់អគារអន្តេវាសិកដ្ឋាន ១ខ្នង មាន ៤៨បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត
* សាងសង់ផ្ទះសំណាក់គ្រូបង្រៀន ៥ខ្នង មាន១៥បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី (ស្នាក់នៅបាន ៥៥នាក់)
* សាងសង់បង្គន់អនាម័យ ៣២ខ្នង មាន១៦០បន្ទប់ និងអណ្តូងទឹកស្អាត ២៣កន្លែង
* សាងសង់តារាងបាល់ទាត់ចំនួន៨ កន្លែង និងតារាងបាល់បោះចំនួន១៥កន្លែង
* សាងសង់របងឥដ្ឋបេតុងប្រវែង ៦៤០ម៉ែត្រ និង ផ្លូវបេតុង ប្រព័ន្ធរំដោះទឹកប្រវែង ៧៥០ម៉ែត្រ។
តាមរយៈគម្រោងនេះ ភាគីកម្ពុជាទទួលបន្ទុកក្នុងការសិក្សា សមិទ្ធិលទ្ធភាព រចនាគម្រោង រៀបចំការដេញថ្លៃ និងត្រួតពិនិត្យការងារសាងសង់ ព្រមទាំងទទួលបន្ទុករាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការងារទាំងអស់នេះ។
ភាគីកម្ពុជាទទួលបន្ទុកផងដែរក្នុងការជួយសម្រួលដល់ភាគីចិនលើការបំពេញបែបបទចេញ-ចូល និងស្នាក់នៅរបស់អ្នកគ្រប់គ្រងគម្រោងចិន។ ភាគីចិនបានផ្តល់គណៈកម្មការគ្រប់គ្រងគម្រោងចិន (CPMC) ដែលទទួលបន្ទុកក្នុងការវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ដែលរៀបចំដោយភាគីកម្ពុជា និងឯកភាពលើការវិនិយោគគម្រោង ការចំណាយក្នុងការសាងសង់ក្រោមទំហំពិដានហិរញ្ញប្បទាន ព្រមទាំងចាត់តាំងក្រុមហ៊ុនគ្រប់គ្រង ដើម្បីទទួលបន្ទុកក្នុងការត្រួតពិនិត្យបន្ថែមលើគម្រោង។
ក្រៅពីការជួយអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង គម្រោងជំនួយរបស់ចិន ក៏បានគាំទ្រដល់ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជា (Education Technical Assistance Project in Cambodia) ដែលបានជួយដល់៖
១៖ ការអភិវឌ្ឍសៀវភៅសិក្សាគោលបច្ចេកវិទ្យា និងសារគមនាគមន៍ថ្នាក់ទី១០ សម្រាប់សិស្សជាភាសាខ្មែរ រួមមាន៖
* ការអភិវឌ្ឍសៀវភៅសិក្សាគោលបច្ចេកវិទ្យា និងសារគមនាគមន៍ ថ្នាក់ទី១០ សម្រាប់សិស្ស ដែលមាន ៤ជំពូក ១២មេរៀន។
* ការបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់សៀវភៅសិក្សាគោលបច្ចេកវិទ្យា និង សារគមនាគមន៍ ថ្នាក់ទី១០» ដល់គ្រូបង្រៀនកុំព្យូទ័រចំនួន ៣០០នាក់ មកពី ១៥០វិទ្យាល័យគោលដៅ។
* សាលារៀនគោលដៅនីមួយៗ ទទួលបានសៀវភៅសិក្សាគោល ICT ថ្នាក់ទី១០ ចំនួន៥០ក្បាល សម្រាប់បង្រៀនសិស្ស នៅតាមសាលារៀន។
* សៀវភៅសិក្សាគោលចំនួន ១០,០០០ក្បាល និងកម្មវិធីសិក្សាលម្អិតចំនួន ២,០០០ក្បាល ត្រូវបានបោះពុម្ពរួចរាល់នៅប្រទេសចិន និងបានដឹកជញ្ជូនមក ដល់រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ សម្រាប់ចែកចាយតាម សាលារៀនគោលដៅក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ។
* ការអភិវឌ្ឍធនធានឌីជីថលចំនួន ២០០វីដេអូ សម្រាប់គាំទ្រដល់ការប្រើប្រាស់សៀវភៅសិក្សាស្តីពីបច្ចេកវិទ្យា និងសារគមនាគមន៍ ថ្នាក់ទី១០ ត្រូវបានអភិវឌ្ឍរួចរាល់ ដោយមានការសហកាជាមួយក្រុមហ៊ុន Hunan Electronic And Audio-visual Publishing House។ ធនធានឌីជីថលនេះ បានដាក់បញ្ចូល ទៅក្នុងប្រព័ន្ធសិក្សាតាមអនឡាញ នៅដើមខែតុលា ឆ្នាំ២០២៣ ដើម្បីជួយសិស្ស រៀនជំនាញឌីជីថលដោយខ្លួនឯង។
២៖ ការកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ រួមមាន៖
* ការកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ ផ្នែករឹង និងផ្នែកទន់ នៅអគាររដ្ឋបាលក្រសួង (ទីតាំងចៅពញ្ញាហុក) ដោយបានរៀបចំជាបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ម៉ាស៊ីន server និងប្រព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ ដោយមានកិច្ចសហការ ជាមួយក្រុមហ៊ុន HUAWEI។ មជ្ឈមណ្ឌលទិន្នន័យមានអង្គចងចាំ ២តេរ៉ាបៃ (TB) និងទំហំ ផ្ទុក ១៣១ តេរ៉ាបៃ (TB)។
* បច្ចុប្បន្នមជ្ឈមណ្ឌលទិន្នន័យអប់រំ (Educational Data Center) កំពុងត្រូវបានប្រើប្រាស់សម្រាប់រក្សាផ្ទុកទិន្នន័យថ្នាលឌីជីថលនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ។
* ការកសាងនិងអភិវឌ្ឍប្រព័ន្ធនៅលើមជ្ឈមណ្ឌលទិន្នន័យអប់រំ រួមមានប្រព័ន្ធសិក្សាតាមអនឡាញ ប្រព័ន្ធបណ្ណាល័យឌីជីថល និងប្រព័ន្ធគ្រប់គ្រងការិយាល័យ។
* ការបណ្ដុះបណ្ដាលអំពីប្រព័ន្ធសិក្សាតាមអនឡាញ និងប្រព័ន្ធបណ្ណាល័យឌីជីថល ជូនដល់គ្រូបង្រៀនគ្រប់មុខវិជ្ជា និងគណៈគ្រប់គ្រងវិទ្យាល័យសរុប ៧៥០នាក់ ស្រី ២៥៦នាក់ ជាពិសេសនៅតាមវិទ្យាល័យគោលដៅរបស់គម្រោង (ក្នុងរាជធានី ភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម) វិទ្យាល័យធនធាន និងវិទ្យាល័យ បណ្ដាញចំនួន ២២ ខេត្តផ្សេងទៀត។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដោយក្រុមហ៊ុន Tianwen Digital Media Technology (Hunan) Co., Ltd (Teewon) ដោយមានការគាំទ្រពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និង កីឡា។
៣៖ ការអភិវឌ្ឍធនធានឌីជីថលសម្រាប់ការប្រឡងថ្នាក់ជាតិ រួមមាន៖
* ការអភិវឌ្ឍធនធានឌីជីថល (ជាប្រភេទវីដេអូបង្រៀន) សម្រាប់ការប្រឡងថ្នាក់ជាតិមុខវិជ្ជាប្រវត្តិវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា សរុបចំនួន ៤៨០វីដេអូ និងក្នុងមួយមុខវិជ្ជាចំនួន ៩៦វីដេអូ។
* ធនធានឌីជីថលទាំងនេះ គ្រោងដាក់បញ្ចូលទៅក្នុងប្រព័ន្ធសិក្សាតាមអនឡាញដោយក្រុមហ៊ុន Hunan Electronic and Audio-visual Publishing House បន្ទាប់ពីមានការអនុម័ត ពីរដ្ឋាភិបាលចិន និងក្រសួងអប់រំ យុវជន និងកីឡា៕