(មូស្គូ)៖ យោងតាមរបាយការណ៍ថ្មីមួយដែលទើបចេញ ក្រោយរបាយការណ៍របស់រដ្ឋ Rosstat បានឲ្យដឹងថា ប្រជាជនយ៉ាងហោចណាស់ពី ១៣ ទៅ ១៨លាននាក់ បានធ្វើចំណាកស្រុកចេញពី ប្រទេស រុស្ស៊ី ទៅរស់នៅប្រទេសផ្សេងៗទៀត ដូចជា អាល្លឺម៉ង់, អ៊ីស្រាអែល, និង សហរដ្ឋអាមេរិក ជាដើម គិតចាប់ពីឆ្នាំ ១៩៨៩-២០១៥។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
របាយការណ៍ថ្មីនេះ បានចេញផ្សាយក្រោយពីរបាយការណ៍ Rosstat របស់រដ្ឋរុស្ស៊ី ចេញផ្សាយកាលពីពេលថ្មីៗនេះថា ប្រជាជនរុស្ស៊ីតែ ៤.៥លាននាក់ប៉ុណ្ណោះ ដែលបានចាកចេញពីប្រទេសនេះ ទៅរស់ ប្រទេសនានាខាងលើ ដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តអាមេរិក ដោយក្នុងនោះបានបញ្ជាក់ថា ក្នុង រយៈពេល ២៦ឆ្នាំចុងក្រោយនេះ ប្រជាជនដែលធ្វើចំណាកស្រុកមាន ៧៥០,០០០នាក់ ទៅអាល្លឺម៉ង់, ១៥០,០០០នាក់ទៅ អ៊ីស្រាអែល, ១១០,០០០នាក់ទៅអាមេរិក, និងមួយចំនួនទៀត ទៅកាន់បណ្តា ប្រទេសនានានៅទ្វីបអឺរ៉ុប និង អាស៊ី។
គួរបញ្ជាក់ថា ការធ្វើចំណាកស្រុកគឺជាបញ្ហាដ៏ធំធេងមួយ សម្រាប់ប្រទេសរុស្ស៊ី ហើយប្រជាជនដែល ចាកចេញពីអតីតមហាអំណាចសហភាពសូវៀតមួយនេះ គឺភាគច្រើនជាយុវជន ដែលបានទទួលការ អប់រំជ្រៅជ្រះ។ រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយ ដែលបញ្ជាក់ពីមូលហេតុ ពិតប្រាកដ ដែលនាំឲ្យកើតមានការចំណាកស្រុកដ៏ធំសម្បើមនេះឡើយ ប៉ុន្តែបណ្តាញផ្សព្វផ្សាយ លោកខាងលិច បានលើកឡើងថា ដោយសារតែប្រជាជនទាំងនោះមិនពេញចិត្ត នឹងការដឹកនាំរបស់រុស្ស៊ី និង ជាពិសេសគឺហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ដូចសព្វថ្ងៃនេះ៕