(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប តែងតែប្រារព្ធកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម និងមានមហាជនចូលរួមយ៉ាងច្រើនកុះករផងដែរ។
កម្មវិធីនេះ តែងតែរៀបចំធ្វើឡើងនៅចំថ្ងៃ១រោច ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលា ឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ (ព្រះនៃស្រូវ) នូវអំពើបាបទាំងឡាយដែលមនុស្សប្រព្រឹត្តដោយអចេតនាក្តី ឬចេតនាក្តី អត្ថន័យដូចគ្នានឹងពិធីបុណ្យអុំទូកនៅក្រុងភ្នំពេញ គ្រាន់តែនៅទីនេះ គេធ្វើពិធីបណ្តែតប្រទីបមុន។
ពិធីនេះចាប់ផ្តើមតាំងពីពេលរសៀល ផ្តើមពីពិធីក្រុងពាលី បំបួសភ្នំខ្សាច់ រួចក៏ធ្វើពិធីបួងសួងអញ្ជើញទេវតាគ្រប់ទីស្ថានមកគង់ក្នុងបរិវេណពិធីដែលគេរៀបចំ នៅសាលាសំណាក់យាយអេងតាមបណ្តោយផ្លូវទៅភ្នំក្រោម។
នៅម៉ោង៧ល្ងាច ទើបគេចាប់ផ្តើមដង្ហែប្រទីបចេញពីវត្តអារញ្ញ មកដល់សាលាសំណាក់យាយអេង។ ក្នុងប្រទីបនោះមានតុបតែងលំអដោយភ្លើងពណ៌ល្អគន់គួរទាក់ភ្នែកណាស់ ហើយនៅលើរទេះដង្ហែប្រទីបនោះ គេដាក់ក្មេងប្រុសស្រី ៤នាក់ស្លៀកពាក់តុបតែងបានយ៉ាងល្អស្អាត នៅលើរទេះទៀតសោត អ្នកស្រុករៀបចំគ្រឿងរណ្តាប់ ចង្ក្រាន្ត គ្រឿងដាំស្ល មុង កន្ទេល ខ្នើយ។ល។
ចំណែកក្នុងក្បួនដង្ហែ គេរៀបចំជាក្រុមភ្លេងពិណពាទ្យនាំមុខ បន្តដោយក្រុមភ្លេងឆៃយ៉ាំ រួចមកប្រទីប ទើបមានក្រុមភ្លេងសម័យថ្មីសម្រាប់រាំលេងកម្សាន្តពីក្រោយក្បួនដង្ហែ។
ពីដើមមិញ នាពេលដង្ហែប្រទីបម្តងៗ គេមិនដង្ហែតាមផ្លូវគោកដូចសព្វថ្ងៃទេ ប៉ុន្តែគេដង្ហែដោយប្រើទូក ហែរចេញពីវត្តអារញ្ញតាមបណ្តោយស្ទឹងសៀមរាបទៅបណ្តែតនៅទន្លេសាប។ នាពេលនោះ គេក៏បណ្តែតប្រទីបតូចៗតាមផ្ទៃទឹកភ្លឺចញ្ចាចតាមផ្ទៃទឹក។
ពេលដែលប្រទីបដង្ហែទៅដល់សាលាសំណាក់យាយអេង ព្រះសង្ឃសូត្រជយន្តោ ប្រោះទឹកមន្ត។ រួចហើយ ទាំងអាចារ្យ ព្រះសង្ឃ និងអ្នកភូមិមកសុំខមាទោស ស្មាលាបាបកម្មដែលខ្លួនបានមាក់ងាយ ឬប្រមាថដោយប្រការណាមួយនោះនៅជុំវិញប្រទីប ហើយសុំឱ្យព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ ជួយបញ្ចៀសឧបទ្រពចង្រៃកុំបីឱ្យកើតមានដល់ភូមិករទាំងមូលឡើយ សូត្រចប់សព្វគ្រប់ ទើបបណ្តែតប្រទីបនោះទៅ។
ឆ្នាំខ្លះ ទឹកច្រើនឡើងដល់រោងសាលាសំណាក់ ដូច្នេះគេអាចបណ្តែតពីសាលាសំណាក់ទៅបាន ដោយឡែកឆ្នាំនេះទឹកខ្សត់តម្រូវឱ្យដង្ហែតាមផ្លូវគោកឱ្យដល់ទីដែលមានទឹកគ្រប់គ្រាន់។
ប្រពៃណីបុណ្យបណ្តែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទៀមជាប់នឹងជីវភាពប្រចាំថ្ងៃនៃអ្នកស្រុកតំបន់នេះ។
បើថ្ងៃណាមួយ អ្នកស្រុកទីនេះលែងនឹកនាចង់ធ្វើបន្តទេ វាក៏គង់តែបាត់បង់ដោយឯកឯង ហើយអាចបាត់ជារហូតផងក៏ថាបាន។
ហេតុនេះ យើងត្រូវខំប្រមូលចងក្រងទុកជាឯកសារដើម្បីផ្សព្វផ្សាយដល់គ្រប់គ្នាឱ្យយល់អំពីតម្លៃប្រពៃណីមួយនេះ ហើយវានឹងក្លាយជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរណ៍ដែលចង់មកទទួលបទពិសោធន៍ផ្នែកវប្បធម៌ពីកម្ពុជាដែរ៕