នគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យ តាមដីការពាក់ព័ន្ធ ករណីគ្រឿងញៀន
07-10-2016 14:23
(ឧត្ដរមានជ័យ)៖ កម្លាំងនគរបាលស្រុកអន្លង់វែង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា របស់តុលាការ ដែលបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាប់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន។ ការចុះឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ តាមដីការបង្គាប់ ឲ្យចាប់ខ្លួន លេខ០៤៨ ត.ព្រ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ របស់លោក ផេង កុសល ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យដែលកម្លាំងនគរបាល ឃាត់ខ្លួននេះ ឈ្មោះ ឆែម ញិប អាយុ២៦ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ហើយពាក់ពន្ធ័ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្ដទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕