(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបន្តដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ២០២៤ ដល់ភ្នាក់ងារដឹកជញ្ជូនម្ហូបអាហារ (Nham24 ) ចំនួន៣៤នាក់។
កម្មពិធីនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គអង្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបានរៀបចំធ្វើឡើងនៅវេទិកា ៧មករាខេត្ត ដែលស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនញ៉ាំ២៤ (Nham24) ព្រមទាំងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក ដល់ភ្នាក់ងារដឹកជញ្ជូនយកទៅអាន ដើម្បីស្វែងយល់បន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងបទបង្ហាញនេះ នគរបាលជំនាញមានផែនការយ៉ាងច្បាស់លាស់ ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕