(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញក្នុងពិធីបើក «មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤»
ក្រោមប្រធានបទ «ចង្កឹះមួយបាច់» ដែលធ្វើឡើងនាថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៤ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។
នាឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា បានថ្លែងថា ការរៀបចំមហោស្រពល្ខោនបាសាក់ ជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ការលើកយកប្រធានបទ ចង្កឹះមួយបាច់ គឺពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍នៃពិភពលោក កំពុងប្រឈមនឹងភាពតានតឹងកាន់តែស្រួចស្រាល់ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថន័យនៃសន្តិភាព ឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សនូវសុខសន្តិភាពយូរអង្វែង ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើន ក្នុងសង្គមជាតិយើង។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាទើបតែបានសុខសាន្ត រស់នៅ ក្នុងសុខសន្តិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ក្រោយពីបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ការបែកបាក់ រងទុក្ខវេទនារកទីបំផុតគ្មាន អស់ជាច្រើនសតវត្សកន្លងមកហើយ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រជាជនកម្ពុជារស់នៅដោយសុខដុមរមនា ស្គាល់តម្លៃនៃសន្តិភាព ពុំអាចកាត់ថ្លៃបាន ដែលជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ និងប្រពៃណីជាតិ ដែលជាកេរមរតកដ៏ឧត្តុង្គឧត្តមនៃបុព្វបុរសខ្មែរជាច្រើនជំនាន់ បានបន្សល់ទុកជូនអ្នកជំនាន់ក្រោយ។
ក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៅក្រោមម្លប់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនសម្រាប់សង្គមជាតិ ក្នុងនោះ ដួងព្រលឹងនៃមរតកវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ដែលឆ្លាប់ត្រូវបានរងការបំផ្លិចបំផ្លាញ ការលួច និងបាត់បង់ ឬខូចខាត ដោយសារសង្រ្គាម និងអសន្តិសុខ ឥឡូវត្រូវបានស្តារឱ្យរស់ និងលើកស្ទួយឡើងវិញ ជាបេតិកភណ្ឌជាតិ និងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជា បេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់។ ជាក់ស្តែង ថ្មីៗនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាមោទកភាពដ៏ធំធេងថ្មីមួយទៀត សម្រាប់ ជាតិ និងប្រជាជនកម្ពុជាយើងទាំងមូល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា «ក្រសួងសូមចាត់ទុកថា ការរៀបចំមហោស្រពល្ខោនបាសាក់ នេះគឺជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈល្ខោនបាសាក់ ដែលជាទម្រង់មរតកវប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថេរជា អមតៈក្នុងបេះដូងកូនខ្មែរគ្រប់រូប។ មួយវិញទៀត មហោស្រពនេះក៏ជាការ ផ្តល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីពសិល្បករ សិល្បការិនីល្ខោនបាសាក់សំដៅអភិរក្សទម្រង់សិល្បៈល្ខោនបាសាក់ឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ»។
លោកស្រី បានលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពវប្បធម៌ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ជាពិសេសការបង្កើតឱ្យមានមហោស្រព គឺជាការផ្តល់ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារ នូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួនដូចពាក្យថា៖ «កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕