(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។
ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែតុលានេះ៕