(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។
ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សូមជម្រាបថា ថ្មីៗកន្លងទៅនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោ ទៅសម្ដែងនៅខេត្តហឺណាន ប្រទេសចិន ក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ។
កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងទៅ នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន ក៏បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ មកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ហើយឱកាសនេះ ទើបកម្ពុជាបាននាំល្បុក្កតោទៅជួបសៅលីញនៅខេត្តហឺណាន ប្រទេសចិនវិញម្តង៕