(ចិន)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន NUCTECH Company Limited (NUCTECH) និងក្រុមហ៊ុន China Tourism Group (CTG) បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ទៅបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន NUCTECH ដែលជាក្រុមហ៊ុនដៃគូដ៏សំខាន់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការបំពាក់និងថែទាំសម្ភារៈបច្ចេកវិទ្យាគាំទ្រ ដល់ប្រតិបត្តិការគយ ជាពិសេសបច្ចេកវិទ្យាត្រួតពិនិត្យទំនិញ និងសន្តិសុខ។
រដ្ឋមន្ត្រីប្រតិភូ គុណ ញឹម បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងប្រព័ន្ធត្រួតពិនិត្យទំនិញដោយម៉ាស៊ីនស្គែន និងការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃ សម្រាប់គ្រប់គ្រងទំនិញតាមព្រំដែន នៅក្នុងកិច្ចដំណើរការ ការងាររបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងន័យដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាក្នុងការបង្កើនអនុលោមភាពទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។
ជាមួយគ្នានេះ គណៈប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន CTG ដែលមានក្រុមហ៊ុន China Duty Free Group (CDFG) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងមានប្រតិបត្តិការអគារលក់ទំនិញរួចពន្ធ (Duty Free) នៅប្រទេសកម្ពុជា។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីប្រតិភូ គុណ ញឹម បានបញ្ជាក់ពីការរួមចំណែកដ៏សំខាន់ របស់ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍នៅប្រទេសកម្ពុជា តាមរយៈកិច្ចដំណើរអគារលក់ទំនិញរួចពន្ធចំនួន៤ ទីតាំង ហើយអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តគាំទ្រដល់កិច្ចដំណើរការរបស់ក្រុមហ៊ុននៅកម្ពុជា។
ទន្ទឹមនេះផងដែរ រដ្ឋមន្ត្រីប្រតិភូបានស្នើឱ្យក្រុមហ៊ុន CTG ពិនិត្យលទ្ធភាពក្នុងការនាំភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន តាមរយៈនាវាដឹកអ្នកដំណើររបស់ខ្លួន ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរដែលបានកំណត់ ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។
គណៈប្រតិភូ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានធ្វើដំណើរទស្សនកិច្ចត្រួតពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D Center) និងរោងចក្រផលិតឧបករណ៍ និងម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន NUCTECH ហើយក៏បានធ្វើទស្សនកិច្ចពិនិត្យ និងស្វែងយល់ពីកិច្ចដំណើរ និងការគ្រប់គ្រងអគារលក់ទំនិញរួចពន្ធ នៅអាកាសយានដ្ឋានអន្តរជាតិ និងទីតាំងមួយចំនួន ដែលស្ថិតក្រោមកិច្ចប្រតិបត្តិការ របស់ក្រុមហ៊ុន CTG។
គួរបញ្ជាក់ផងដែរថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង NUCTECH បានចាប់ផ្ដើមកិច្ចទំនាក់ទំនងតាំងពីឆ្នាំ២០០៣មក ហើយបច្ចុប្បន្ននេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងប្រើប្រាស់ម៉ាស៊ីនស្គែនកុងតែន័រ របស់ក្រុមហ៊ុន NUCTECH ចំនួន ១៥ គ្រឿង នៅតាមបណ្ដាអង្គភាពគយ និងរដ្ឋាករនានា។
បច្ចុប្បន្ននេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងសហការជាមួយក្រុមហ៊ុន NUCTECH ក្នុងការរៀបចំថ្នាលប្រមូលផ្តុំការត្រួតពិនិត្យទំនិញ ដែលក្នុងនោះមានប្រព័ន្ធសំខាន់ពីរ គឺ ប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ (Electronic Cargo Tracking System – ECTS) និង ប្រព័ន្ធប្រមូលផ្តុំរូបភាពស្គែន ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២៤ នេះ៕