Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីទើបឆ្លងទន្លេរួច៣៣គ្រួសារ នៅឃុំខ្នាត ទទួលបានកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ពីអាជ្ញាធរជាតិអប្សរា

07-10-2016 14:17

(សៀមរាប)៖ ក្រុមការងារសហគមន៍ទី៣ ប្រចាំស្រុកពួក ដឹកនាំដោយលោក គង់ មរកត តំណាង លោក ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា អមដោយមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក (ឃីត) ថវិកាមួយចំនួន ទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច ៣៣គ្រួសារ នៅសាលាឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។

ក្នុងកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយនេះ មានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក និងថវិកា២ម៉ឺនរៀល ដែលជាអំណោយរបស់ ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់រមណីយដ្ឋានអង្គរនេះ។

សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងស្រ្តីទើបឆ្លងទន្លេរួច នៅក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នា និងដើម្បីលើកកម្ពស់សុខុមាលភាពម្តាយ និងទារកផង។ ម្យ៉ាងទៀត សកម្មភាព ចុះតាមមូលដ្ឋាននេះ ក្រុមការងារសហគម ក៏បានបញ្ជ្រាបចំណេះដឹង ស្តីពីតួនាទីភារកិច្ចអាជ្ញាធរជាតិអប្សរា ចំពោះបេតិកភណ្ឌ ច្បាប់ការពារបេតិកភណ្ឌ និងតួនាទីភារកិច្ច របស់ពួកគាត់ ដែលត្រូវចូលរួមធ្វើក្នុងនាម ពួកគាត់រស់នៅក្នុងតំបន់បេតិកភណ្ឌដែរ៕