(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និលោក Fabrice Etienne ទីប្រឹក្សាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ននេះ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលនាយទាហានសង្កេតការណ៍យោធា។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ សែម រតនា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
ចំពោះវគ្គបណ្តុះបណ្តាលនេះលោកឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា វគ្គបណ្តុះបណ្តាលនាយទាហាន សង្កេតការណ៍យោធា គឺមានរយៈពេល៣សប្តាហ៍ មានសិក្ខាកាម២១នាក់ មកពីបណ្តាអង្គភាពនានា នៃកងយោធពលខេមរភូមិន្ទ (រួមមានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងសកលវិទ្យាល័យការពារជាតិ) ពិតជានាំមកនូវធាតុថ្មីបន្ថែមទៀត ដែល មានលក្ខណៈចម្រុះ និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាព ផ្នែកនាយទាហានសង្កេតការណ៍យោធាឱ្យកាន់តែមាន ប្រសិទ្ធិភាព ស្របតាមនិយាមអង្គការសហប្រជាជាតិ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រ ដែលកំពុងទទួលរងការគម្រាមកំហែងខ្ពស់។
លោក Fabrice Etienne បានឱ្យដឹងថា សិក្ខាកាម ដែល បានទទួលជំនាញសំខាន់ៗនៅថ្ងៃនេះនឹងអនុញ្ញាតឱ្យពួកគាត់ដើរតួនាទីសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងនាមជាអ្នកសង្កេតការណ៍យោធា។ ទំនួលខុសត្រូវរបស់ពួកគាត់ នឹងធំធេងព្រោះនឹងក្លាយជាភ្នែកនិងជាត្រចៀករបស់កងកម្លាំងសន្តិភាព នៅលើទីលាន ដែលធ្វើការដើម្បីសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់តានតឹងបំផុតក្នុងពិភពលោក។
លោកក៏បានអបអរសាទរចំពោះគុណភាពដ៏ពិសេសរបស់យោធាចារ្យ NPMEC ផងដែរ ដែលមានជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ ដ៏មានសារៈសំខាន់ចំពោះភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលនេះ។
វគ្គសិក្សា UNMOលើកក្រោយនឹងត្រូវបានទទួលស្គាល់ដោយ អ.ស.ប ក្នុងពេលឆាប់ៗនេះ។ ការទទួលបាននូវការទទួលស្គាល់ជាផ្លូវការនេះនឹងពង្រឹងបន្ថែមទៀតនូវជំហររបស់ NPMEC ជាមជ្ឈមណ្ឌលដ៏មានឧត្តមភាពក្នុងវិស័យរក្សាសន្តិភាព៕