(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធី «មហោស្រពអក្សរសិល្ប៍ខ្មែរ» ទទួលបានភាពជោគជ័យជាច្រើនឆ្នាំបន្តបន្ទាប់ជាប់ៗគ្នា ក្នុងការរៀបចំ។ មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី០១ ដល់០៣ ខែវិច្ឆិកាខាងមុខនេះ នៅខេត្តកំពង់ចាម ក្រោមប្រធានបទ
«អក្សរសិល្ប៍បៃតង» ដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរ សម្រាប់អ្នកជំនាន់ក្រោយ។
អ្នកស្រី សូ ភីណា ជាស្ថាបនិកនៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរបានឱ្យដឹងថា ព្រឹក្ដិការណ៍នេះ «មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧»នេះ មានគោលបំណងរួមមាន៖ ទី១៖ លើកកម្ពស់ការយល់ដឹង និងទទួលស្គាល់ពីគុណតម្លៃរបស់អ្នកនិពន្ធ អ្នកស្រលាញ់អក្សរសិល្ប៍ និងអ្នកបោះពុម្ភ ដើម្បីឱ្យប្រជាជនទូទៅ ដឹងអំពីគុណតម្លៃ ក្នុងការរក្សាអត្ដសញ្ញាណភាសាជាតិ និងទេពកោសល្យ ដែលពោលពេញដោយសុខសន្តិភាព នូវការយល់ដឹង និងសេដ្ធកិច្ចផងដែរ។ ទី២៖ គឺបង្កើនទំនាក់ទំនងការផ្លាស់ប្ដូរបទពិសោធន៍ចំណេះដឹងរវាងគ្នា និងគ្នា ដើម្បីឱ្យយើងយល់ដឹងកាន់តែច្រើន និងអាចផ្លាស់ប្ដូរបទពិសោធន៍គ្នារវាងអ្នកធ្វើការក្នុងវិស័យ និងអន្ដរវិស័យ ផ្សេងទៀត ដែលមានទំនាក់ទំនងលើវិស័យអក្សរសិល្ប៍។ និងទី៣៖ គឺពាំនាំអក្សរសិល្ប៍ ពិសោធន៍អក្សរសិល្ប៍ ពីទីក្រុង ទៅខេត្ដ ដោយសារអ្នកនៅខេត្ដមិនសូវបានចូលរួមនោះទេ អញ្ចឹងយើងពាំនាំកម្មវិធីទាំងអស់និងទៅខេត្ដដើម្បីឱ្យអ្នករស់នៅខេត្ដទទួលបានពិសោធន៍អក្សរសិល្ប៍។
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ ឆ្នាំ២០២៤នេះ គឺមានរយៈពេលចំនួន ៣ថ្ងៃ ដែលមានកម្មវិធីពិសេសៗជាច្រើនដូចជា៖ មហោស្រពកំណាព្យតូច កម្មវិធីណែនាំសៀវភៅ «រលកថ្មី៖ ស្នាដៃអក្សរសិល្ប៍ពី ២០២១ ដល់ ២០២៣» ពិព័រណ៍ «បៃតង» សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ វេទិកាពិភាក្សា «តួនាទីប្រតិបត្តិករវប្បធម៌ក្នុងការលើកកម្ពស់ និងចូលរួមការពារបរិស្ថាន» អំណានតាមទីតាំងជាក់លាក់ស្ដីអំពីខេត្តកំពង់ចាម វេទិកាសេរី «អំណានបៃតង» ទស្សនកិច្ចវប្បធម៌ កិច្ចពិភាក្សា «ជំនួបអ្នកនិពន្ធនៅកំពង់ចាម» សិក្ខាសាលា «បណ្តាំមួយនៃកវីឃុន ស្រ៊ុន» ប្រឡងសំណេរបៃតង ប្រកាសជ័យលាភីស្នាដៃអក្សរសិល្ប៍ច្នៃប្រតិដ្ឋ និងសិល្បៈទស្សនីយភាពចម្រុះ «របាំប្រជាប្រិយ ចាប៉ីដងវែង ល្ខោនខោល អាយ៉ៃ 5G នាងស៊ូស៊ូ ល្ខោនបាសាក់ និងចាប៉ីដងវែង»។
ជាមួយគ្នានេះ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាទូតសុច្ឆន្ទៈទី២ នៃមហោស្រពអក្សរសិល្ប៍លើកទី៧ បានមានចំណាប់អារម្មណ៍ថា «នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសម្រាប់មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ២០២៤។ ក្នុងនាមខ្ញុំជាសិល្បករផ្នែកចម្រៀង និងអ្នកនិពន្ធបទចម្រៀង តួនាទីមួយនេះមានអត្ថន័យជាពិសេសដែលអនុញ្ញាតឱ្យខ្ញុំបញ្ចូលគ្នានូវសេចក្ដីស្រឡាញ់របស់ ខ្ញុំចំពោះសិល្បៈ ជាមួយមរតក អក្សរសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា។ នាងខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយសហគមន៍យើងដើម្បីរំលេច និងចែករំលែកសំឡេងដ៏គួរឱ្យកត់សម្គាល់ ក៏ដូចជាដើម្បីឈ្វេងយល់បន្ថែមអំពីរឿងរ៉ាវនៃអក្សរសាស្ត្រខ្មែរ។ សូមអរគុណសម្រាប់ឱកាសដ៏មានអត្ថន័យមួយនេះ»។
សូមជម្រាបដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដែលមានគោលបំណងបង្កើតឡើងនូវកម្មវិធីនេះរួមមាន៖ បណ្ដុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ លើកកម្ពស់នូវកិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និងបង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។
មហោស្រពអក្សរសិល្ប៍ខ្មែរ បានទទួលការគាំទ្រពីលោក ឡារី ស្ទ្រេង ជាទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Sok Xing & Hwang និងជាអ្នកទិញសិល្បៈសហសម័យកម្ពុជា, លោកស្រី ភូថង មិថុនា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, សាកលវិទ្យាល័យជាតិគ្រប់គ្រង, លោកជំទាវ ខៀវ មាលី, ក្រុមហ៊ុន លឹម លីម៉ា ខ្មែរ អង្គរ ហ្វ៊ូត ឯ.ក., វង្ស សុជាតា, បណ្ណាល័យអ្នកប្រយុទ្ធ, និងប្រិយមិត្តជិតឆ្ងាយជាច្រើនទៀត ដែលបានបរិច្ចាគថវិកាតាមរយៈយុទ្ធនាការ ១ដុល្លារ/៤០០០ រៀល។ ក្រៅពីនោះមានដៃគូសហការរៀបចំជាច្រើនទៀត។ អ្វីដែលសំខាន់មិនអានខ្វះបាន គឺការស្ម័គ្រចិត្តនៃក្រុមរៀបចំមហោស្រពអក្សរសិល្ប៍ទាំងអស់៕