(តាកែវ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។
ជាក់ស្ដែងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយព្យុះខ្យល់កន្រ្តាក់ និងទឹកជំនន់យ៉ាងដំណំា ចំនួន ៥៥គ្រួសារ នៅស្រុកត្រាំកក់ ខេត្ដតាកែវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ដែលបានរៀបចំឡើងនៅវត្តគុស ស្រុកត្រាំកក់ ក្រោមអធិបតី លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកអភិបាលស្រុកត្រាំកក់ មន្រ្តីពាក់ព័ន្ធតាមមូលដ្ឋានសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមជាមួយក្រុមការងារ របស់ធនាគារ ABA ពីសាខាស្រុកត្រាំកក់ និងខេត្តតាកែវផង។
ដោយអំឡុងពេលរដូវវស្សានេះ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ រងផលប៉ះពាល់ដោយគ្រោះមហន្តរាយនានា ដូចជា ព្យុះខ្យល់កន្រ្តាក់ និងទឹកជំនន់យ៉ាងដំណំ។ ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍នេះ ដែលភាគច្រើនកំពុងមានជីវភាពលំបាកស្រាប់ហើយ នឹងត្រូវរងបន្ទុកផលប៉ះពាល់កាន់តែធ្ងន់បន្ថែមទៀត ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជាការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាប្រឈមទាំងនេះ ធនាគារ ABA បានបន្ថែមការជួយឧបត្ថម្ភរបស់ខ្លួន ដោយនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា សាខាខេត្តតាកែវ។
លោក វ៉ី សំណាង បានថ្លែងថា កម្មវិធីថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។ «តាងនាមឲ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តតាកែវ យើងសូមថ្លែងអំណរគុណដល់ធនាគារ ABA សម្រាប់ការបរិច្ចាគដ៏សប្បុរសធម៌ ជូនគ្រួសាររងគ្រោះ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ»។
ប្រជាពលរដ្ឋងាយរងគ្រោះខាងលើនេះ បានទទួលអំណោយសម្រាលការលំបាករួមមាន៖ អង្ករ មី ទីកត្រី ទឹកស៊ីអ៊ីវ ឃីតចំនួន១ (មានក្រណាត់តង់ មុង និងភួយ ជាដើម)។
តាមការបញ្ជាក់របស់លោក មាស ខេមរា ប្រធានសាខា ABA ខេត្តតាកែវ មានឱ្យដឹងផងដែរថា «នៅធនាគារ ABA យើងខ្ញុំតែងតែត្រៀមខ្លួនជានិច្ច ក្នុងការជួយដល់ក្រុមគ្រួសាររងគ្រោះ ជាពិសេសក្នុងគ្រាមានអាសន្ន។ ក្នុងនាមជាដៃគូរសហការយូរអង្វែងជាមួយកាកបាទក្រហមកម្ពុជា កម្មវិធីនេះ បានអនុញ្ញាតឲ្យយើងខ្ញុំបន្តផ្តល់ការគាំទ្រយ៉ាងជាប់លាប់ ជូនដល់សហគមន៍»។
កន្លងជាច្រើនឆ្នាំមកនេះ ធនាគារ ABA តែងតែរួមចំណែកវិភាគទានសប្បុរសធម៌ ជូនដល់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែងកាលពីអំឡុងខែឧសភាកន្លងទៅ ABA បានបរិច្ចាគថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដើម្បីប្រើប្រាស់ក្នុងការបម្រើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស។
សមស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន ធនាគារ ABA បន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងកិច្ចការពង្រឹងសហគមន៍ រយៈជំនួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការងារសុខភាព និងសេវាសុខុមាលភាពសង្គម ក្នុងន័យធានាឲ្យប្រជាពលរដ្ឋគ្រប់រូបមានជីវភាពរស់នៅកាន់តែប្រសើរ៕