(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រគម្រោងរបស់វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសចិន ក្នុងការថតភាពយន្តឯកសារស្តីពីសក្តានុពលសំខាន់ៗដែលប្រទេសកម្ពុជាមាននាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ភពលោកបានស្គាល់កាន់តែច្បាស់បន្ថែម ទៀតពីអ្វីដែលជាការពិតនៅកម្ពុជា។
តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ក៏ត្រៀមថតខ្សែភាពយន្តមួយមានចំណងជើង «ក្តីស្រលាញ់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា» ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើន និងសក្តានុពលវិស័យសេដ្ឋកិច្ចដែលប្រទេសកម្ពុជាមាន និងថតសំភាសន៍អ្នកជំនួញចិន ដែលទទួលបានជោគជ័យក្នុងការមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
គម្រោងថតភាពយន្តឯកសារនេះ ត្រូវបានលោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន គោរពស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។
លោកស្រី Diana Pang បានជម្រាបជូនពីបទពិសោធន៍ និងកិច្ចការងារជាច្រើន ដែលវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន បានអនុវត្តន៍និងសម្រេចបាន ពិសេសបានផលិតជា ឯកសារភាពយន្តសំខាន់ៗជាច្រើន នៅក្នុងប្រទេសចិន ហើយផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ច្បាស់ពីប្រទេសចិន។ ដូច្នេះក្នុងឱកាសនេះ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន មានបំណងសហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំថតខ្សែភាពយន្តឯកសារ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានអវិជ្ជមាននៅកម្ពុជា ដែលកន្លងមកត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ គាំទ្រ និងផ្តល់កិច្ចសហការជាមួយ វិទ្យាស្ថានយុទ្ធសាស្ត្រ សេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ក្នុងការចង់មកថតជាភាពយន្តឯកសារស្តីពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា ពិសេសចង់បង្ហាញពីអ្វីដែលមានភាពជាក់ស្តែង ទាំងសក្តានុពលទេសចរណ៍ប្រពៃណី ទេសចរណ៍ធម្មជាតិ រួមទាំងសក្តានុពលនៃវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
ដូច្នេះតាមរយៈការថតជាខ្សែភាពយន្តសារដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ពិភពលោកបានដឹង បានឃើញ ការពិតជាក់ស្តែងនៅប្រទេសកម្ពុជា ហើយក៏ជាការកសាងនូវជំនឿទុកចិត្តដ៏សំខាន់ណាស់ សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស ជឿជាក់មកលើការដឹកនាំ និងដំណើរការអភិវឌ្ឍប្រទេសជាតិ អោយមានការរីកចម្រើន មានសុខសន្តិភាពរឹងមាំល្អ ផ្តល់បរិយាកាសល្អដលអ្នកវិនិយោគទុន និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស មកទស្សនាលេងកំសាន្តដោយក្តីសប្បាយរីករាយ៕