(កណ្តាល)៖ អាជ្ញាធរខេត្តកណ្តាល បានកោះ ហៅក្រុមអាជីករវិនិយោគ លើផ្សារនានា ទូទាំងខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយ ពីរបៀបគ្រប់គ្រងផ្សាររដ្ឋ និងផ្សារឯកជន តាមបណ្តាស្រុកនីមួយៗឲ្យបានល្អ និងសូមឲ្យអ្នកវិនិយោគ កុំគៀបសង្កត់លើអាជីវករ លក់ដូរផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងសាលាប្រជុំខេត្តកណ្តាល ក្រោមវត្តមានលោក ជៀវ តាយ អភិបាលរងខេត្ត អភិបាលរងស្រុកទាំង១១ មន្ត្រី នៃមន្ទីរពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពី អ្នកជីវករ វិនិយោគផ្សារ ជាច្រើននាក់ផងដែរ។
ក្រុមអ្នកវិនិយោគផ្សារមួយចំនួន បានលើកឡើង ពីផលលំបាករបស់ខ្លួន និងបញ្ហាមួយចំនួន ដែលបង្កឲ្យរាំងស្ទះដល់ ការវិនិយោគ និងសូមឲ្យអាជ្ញាធរជួយសម្រួល ធ្វើយ៉ាងណាពន្លឿនដំណោះស្រាយ ដើម្បីពួកគាត់អាចវិនិយោគ បានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួល ដល់អាជីវករលក់ដូរ ផងដែរ។
ជាការឆ្លើយតប លោក ជៀវ តាយ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ចំពោះបញ្ហាផ្សារគឺអាជ្ញាធរកំពុង តែយកចិត្តទុកដាក់បំផុត ប៉ុន្តែចំពោះបញ្ហាមួយចំនួន ដែលបងប្អូនអាជីវករ បានលើកឡើងនោះ លោកបានប្រគល់ទៅឲ្យមន្ទីរហិរញ្ញវត្ថុខេត្តជាអ្នកដោះស្រាយ ហើយលោក ក៏បានសំណូមពរ ដល់ក្រុមអ្នកទទួលសិទ្ធិ វិនិយោគផ្សារទាំងអស់ ត្រូវសម្រួលបង្កលក្ខណៈងាយស្រួល ដល់អាជីវករ កំពុងតែប្រកបរបរលក់ដូរ៕