(ជប៉ុន)៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានដំណឹងអំពីអាណត្តិការងាររបស់លោក Masahiro Imamura លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានចូលជួបសម្តែងជាមួយ លោក Masahiro Imamura សមាជិកសភាជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដែលលោកនឹងត្រូវចប់អាណត្តិការងារ នៅក្រោយការបោះឆ្នោតសភាជាន់ទាបរបស់ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានសំដែងនូវការអបអរសាទរចំពោះការបញ្ចប់អាណត្តិការងារប្រកបដោយជោគជ័យរបស់ លោក Masahiro Imamura ក្នុងនាមជាសមាជិកសភាច្រើនអណត្តិ និងក្នុងនាមជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ណុជា។ ជាងនេះទៀត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតកម្ពុជា បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសស្រាកសស្រាំ និងពេញលេញក្នុងអណត្តិការងាររបស់លោក Masahiro Imamura ក្នុងការពង្រឹង និងពង្រឹកទំនាក់ទំនងកាន់តែរីកចម្រើន ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសម្ព័ន្ធមិត្តភាពលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងជប៉ុននាពេលកន្លងមក ក្រោមការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះមិត្តភាព ការរាប់អាន និងភាពស្និទ្ធស្នាលរបស់ លោក Masahiro Imamura មានចំពោះ លោកឯកអគ្គរាជទូតផ្ទាល់ ក៏ដូចជា ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
ជាការឆ្លើយតប លោក Masahiro Imamura បានកត់សម្គាល់ដោយពេញចិត្តជាខ្លាំងចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានអះអាងសាជាថ្មីពីការបន្តចូលរួម និងជំរុញទំនាក់ទំនងបន្ថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ស្របតាមក្របខ័ណ្ឌការងារផ្សេងៗដែល លោក អាចចូលរួមបាន៕