(បន្ទាយមានជ័យ)៖ ត្រឹមតែប៉ុន្មានថ្ងៃខេត្តបន្ទាយមានជ័យ បានទទួលរងជំនន់ទឹកភ្លៀងផ្ទួនៗ ធ្វើឲ្យស្រូវប្រមាណ៤,៥០០ហិកតា និងផ្ទះ របស់ប្រជាពលរដ្ឋជាច្រើនខ្នង រងការគម្រាមកំហែងផងដែរ។ ប្រការនេះក្រុមការងារ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីពាក់ព័ន្ធ ទាំងឡាយ បានចុះរំដោះគ្រោះទឹកចេញពីភូមិស្ថានប្រជាពលរដ្ឋ ដើម្បីបញ្ជៀសគ្រោះធម្មជាតិមួយនេះ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារជំនាញផ្នែកធនធានទឹក ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចអាងស្ពានស្រែង ស្ថិតក្នុងភូមិស្ពានស្រែង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក សួន បវរ បានប្រាប់ភ្នាក់ងារ Fresh Newsថា ក្នុងការចុះពិនិត្យមើលអំពីស្ថានភាពទឹកនេះ លោកបានឲ្យមន្ត្រីជំនាញផ្នែកធនធានទឹក បង្វែរទឹកជន់លិចស្រែរបស់ប្រជាកសិករនេះ បញ្ចូលទៅអាងត្រពាំងថ្ម តាមប្រឡាយបេតុង ក្នុងភូមិកុងសៀម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីយកទឹកទាំងអស់នេះ ទុកប្រើប្រាស់ និងធ្វើស្រែប្រាំងបន្តទៅថ្ងៃមុខ។
ក្រុមការងារមន្ទីរធនធានទឹក និងមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងយកចិត្ត ទុកដាក់ ដើម្បីបង្វែរទឹកជំនន់មួយផ្នែក ទៅរក្សាទុកនៅតាមបណ្តាលអាំងទឹក ព្រែក ស្រះ បឹងធម្មជាតិ រក្សាទឹកទុក និងនាំយកទៅស្រោច ស្រពដីស្រែរបស់ប្រជាកសិករមួយផ្នែក នៅឃុំភ្នំលៀប ឃុំទឹកជោរ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ទឹកជំនន់ដែលឆ្លងកាត់ស្រុកភ្នំស្រុកនេះ ធ្វើឲ្យខូចខាតស្រូវរបស់ប្រជាកសិករ ដែលមានផ្ទៃដីដំណាំស្រូវសរុបប្រមាណ ៤,៥០០ហិកតា ភាគច្រើនស្រែធ្វើក្នុងផ្ទៃអាងតែម្តង ហើយមិនបណ្តាលឲ្យស្រូវរងការខូចខាច ធ្ងន់ធ្ងរនោះទេ ហើយប្រហែល ២ទៅ៣ ថ្ងៃទៀត ទឹកនឹងស្រកចុះទៅវិញជាមិនខាន។
ទោះយ៉ាងណា អាជ្ញាធរខេត្តភាគខាងលិចមួយនេះ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ពីជំនន់ទឹកភ្លៀងនេះ៕