(ភ្នំពេញ)៖ ទោះជាមិនមានវត្តមានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចូលរួមក៏ដោយ ប៉ុន្តែរដ្ឋសភា ក្រោមសំឡេងលើសពី៥០បូក១ នៅម៉ោងជាង ១៖០០រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បានអនុម័តទាំងស្រុង នូវសេចក្តីព្រាងទាំងឡាយ ដែលបានបញ្ចូលទៅក្នុង របៀបវារៈប្រជុំព្រឹកមិញ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកសភាមកពី គណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណ ៦៧រូប។
របៀបវារៈដែលបានពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ សម្រាប់នីតិកាលទី៥នេះរួមមាន៖
ទី១- ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥
ទី២- របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើក ទី៦ និងលើកទី៧ នីតិកាលទី៥
ទី៣- ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនការង ចំនួន៣ រូប នៃអាជ្ញាធរ សវនកម្មជាតិ សម្រាប់អាណត្តិ៥ឆ្នាំ
ទី៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈ វិស័យសុខាភិបាល
ទី៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ច សម្រូលការដឹកជញ្ជូនឆ្លងកាត់ទំនិញ
ទី៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធី សារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញារបើកចំហសេវាហិរញញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវា
ទី៧- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយប់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូក៣
ទី៨- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ ៖ កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយ អាស៊ាន ,ពិធី សារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយ អាស៊ាន និងពិធីសារស្តីពីក្របខ័ណ្ឌ ច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយ អាស៊ានជាដើម៕