(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូល ក្រោមប្រធានបទ «ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត តើត្រូវមានទស្សនទានអ្វីខ្លះ?»។
វេទិកានេះ មានការអញ្ជើញចូលរួមជាវាគ្មិនដោយ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអិចម៉ាសីយ៍ ប្រទេសបារាំង នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថលនិងនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិត នៃវិទ្យាសា្ថនបារាំង និងមន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនកុះករផងដែរ។
វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីប្រធានបទបញ្ញាសិប្បនិម្មិតជាច្រើនដូចជា «ច្បាប់កម្ពុជាក្នុងការឆ្លើយតបនឹងបញ្ញាសិប្បនិម្មិត៖ សម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក», «បទប្បញ្ញាតិ្តអឺរ៉ុបទៅលើបញ្ញាសិប្បនិម្មិត និងការឆ្លើយតបដោយមានសមភាពរវាងសីលធម៌និងប្រសិទ្ធភាព», «ទស្សនៈរបស់សហរដ្ឋអាមេរិកនិងចិន ទៅលើក្របខណ្ឌគតិយុត្តិនៃបញ្ញាសិប្បនិម្មិត» និង «ទស្សនទានរបស់អាស៊ាន»។
រដ្ឋលេខាធិការ កែវ សុទ្ធិ បានធ្វើបទបង្ហាញ ដោយរំលេចអំពី ការយកចិត្តទុកដាក់ និងការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ការបណ្ដុះបណ្ដាលធនធានមនុស្សជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (Cambodia Academy of Digital Technology-CADT) ការបញ្ជ្រៀបការយល់ដឹងទៅកាន់សាធារណជន ការចូលរួមតំណាងប្រទេសកម្ពុជា លើកស្ទួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការអន្តរជាតិផ្សេងទៀត៕