(មណ្ឌលគិរី)៖ មុខសញ្ញាដែលវាយកម្ទេច រូបសំណាកលោកតាមួយអង្គនៅ ភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី កាលពីយប់មិញនោះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងថ្ងៃត្រង់ទី៧ ខែតុលា ឆ្នាំ២០១៦នេះ គឺជាជនវិកលចរឹក។
ស្នងការនគរបាខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន បានថ្លែងថា កម្លាំងនគរបាលការិយាល័កណ្តាលព្រហ្មទណ្ឌខេត្តដឹកនាំដោយលោក សូ សុវណ្ណ ស្នងការរងខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានក្រុងសែនមនោរម្យ បានធ្វើការស្រាវរកមុខសញ្ញាវាយកម្ទេចរូបសំណាកលោកតាស្រុះភ្នំដោះក្រមុំ កាលពីទៀបភ្លឺនោះ ឥឡូវយើងចាប់បានហើយ គឺអតីតគ្រូបង្រៀន តែបច្ចុប្បន្នជននេះមានមានជម្ងឺវិកលចរឹក។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ជននេះមានឈ្មោះ ផន ឌឿង អាយុ៣៨ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ លោកស្នងការបានបន្តទៀតថា «ជននេះមិនត្រឹមតែវាយកម្ទេចរូបសំណាកលោកតានៅភ្នំដោះក្រមុំប៉ុណ្ណោះទេ តែនៅព្រឹកមិញនេះដែរ ជនវិកលចរឹករូបនេះ បានទៅវាយកម្ទេចរថយន្តរបស់អធិការក្រុងសែនមនោរម្យអស់មួយគ្រឿងទៀតផង បណ្តាលឲ្យខូចខាតជាដំណំផងដែរ»។ នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងចាត់ការតាមនីតិវិធី ទៅលើជនវិកលចរឹកខាងលើចំពោះការទង្វើរបស់គេ៕