(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឧត្តមសេនីយ៍ត្រី Ruth Elsley មេបញ្ជាការ មហាវិទ្យាល័យសង្គ្រាម ប្រទេសអូស្ត្រាលី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ការពារជនស៊ីវិលនិងស្ត្រីក្នុងប្រតិបត្តិការយោធារបស់អង្គការសហប្រជាជាតិ។
វគ្គហ្វឹកហ្វឺននេះមានរយៈពេល ១សប្តាហ៍ ដោយត្រូវបានរៀបចំឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលជូនដល់សិក្ខាកាមចំនួន៦០នាក់ ដែលជាកងម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជា ត្រៀមចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងឱកាសនេះដែរ លោក ប្រាក់ សុទ្ធ មានប្រសាសន៍នៅក្នុងពិធីនេះថា វគ្គហ្វឹកហ្វឺននេះ បានពង្រីកការយល់ដឹងបន្ថែមផ្នែកការពារជនស៊ីវិល អង្គការសហប្រជាជាតិ ដែលជាអទិភាពមួយក្នុងចំណោមអទិភាពទាំង៧ នៃសកម្មភាពដើម្បីសន្តិភាពបូក បន្ថែមពីលើភារកិច្ចស្នូលរបស់ កងកម្លាំងរក្សាសន្តិភាព។ ស្ត្រីក្នុងប្រតិបត្តិការយោធា ក៏ជាប្រធានបទដ៏មានសារៈសំខាន់សំដៅលើលើការកកម្ពស់របៀបវរៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។ វគ្គសិក្សានេះ ក៏ជាមោទកភាពមួយបន្ថែមទៀតសម្រាប់មាតុភូមិយើង និងជាប្រទីបបំភ្លឺផ្លូវដល់សិក្ខាកាមកម្ពុជា មុនចេញបំពេញបេសកកម្ម ប្រកបដោយចំណេះដឹង ចំណេះធ្វើកាន់តែល្អបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ក្នុងឆ្នាំនេះ និងទៅអនាគត កម្ពុជាប្តេជ្ញាចិត្តខ្ពស់បន្តសកម្មភាពជាអទិភាព ក្នុងប្រតិបត្តិការ រក្សាសន្តិភាព និងពង្រឹងសន្តិភាព ស្ថេរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មអង្គការ សហប្រជាជាតិ ដែលជានិន្នាការស្របគ្នានឹងការលើកឡើងរបស់លោក Antonio Guterres អគ្គលេខាធិការ អសប ដែលបានសង្កត់ធ្ងន់លើកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ លោក ប្រាក់ សុទ្ធ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលតែងជួយគាំទ្រ និងផ្តល់វគ្គហ្វឹកហ្វឺន ជាពិសេសអូស្រ្តាលី ជាប្រទេសដំបូងគេបង្អស់ ដែលាបជួយដល់ការរៀបចំកងអនុសេនាធំបោសសម្អាតមីនលេខ១៣៥ ដែលជាកងដំបូងនៃកងទ័ពមួកខៀវកម្ពុជា ចេញបំពេញបេសកកម្មនៅប្រទេសស៊ូដង់។ លើសពីនេះ អូស្រ្តាលី នៅតែបន្តផ្តល់វគ្គហ្វឹកហ្វឺន ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ២១វគ្គ មានសិក្ខាកាមចូលរួមសរុប ១៥៣នាក់៕