(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្ដរជាតិ ១តុលា នៅថ្ងៃទី០៧ ខែតុលានេះថា ដើម្បីលើកកម្ពស់ និងយកចិត្ដទុកដាក់ខ្ពស់ចំពោះមនុស្សចាស់កម្ពុជា មន្ទីរពេទ្យនឹងធ្វើការ ព្យាលបាលជំងឺ ដោយឥតគិតថ្លៃទាំងអស់ ដល់បុគ្គលិកចូលនិវត្ដន៍របស់ខ្លួន ចាប់ពីពេលនេះតទៅ។
លោកវេជ្ជបណ្ឌិតបន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ក្នុងការអនុវត្ដនូវតួនាទី និងភារកិច្ចដែលមានជាអាទិ៍ រៀបចំគោលនយោបាយ ជាតិ ដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ និងរៀបចំទិវាមនុស្សចាស់នៃកម្ពុជា ដោយកំណត់យកថ្ងៃ១តុលា ជារៀងរាល់ឆ្នាំ រួមជាមួយនិងទិវាមនុស្សចាស់អន្ដរជាតិ ដែលកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីជាការតបស្នងសងគុណូបការៈ របស់មនុស្ស ចាស់កម្ពុជា បុព្វការីជន ជីដូចតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
លោកវេជ្ជបណ្ឌិតថ្លែងបន្ដថា ហើយថ្ងៃនេះជាទិវាលើកទី១៨ ហើយ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែកឲ្យបានទូលំទូលាយនិងផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ព្រោះមនុស្សចាស់ ជាមរតកដ៏សំខាន់ក្នុងការ អភិវឌ្ឍគ្រួសារ និងសង្គមជាតិ ហើយការគោរពដឹងគុណចំពោះមនុស្សចាស់ ជាកត្ដញ្ញូតាធម៌ គ្រួសារមានសុភមង្គលសង្គមកាន់តែ រីកចម្រើន។
គួរបញ្ជាក់ថាក្រោយពេលដែលលោកវេជ្ជបណ្ឌិត ងី ម៉េង បានប្រកាសថា មិនយកថ្លៃរាល់ការព្យាបាលដល់បុគ្គលិកចូលនិវត្ដន៍របស់ មន្ទីរពេទ្យរុស្ស៊ី គឺមានការសាទរយ៉ាងខ្លាំងពីបុគ្គលិកកំពុងបំរើការងារ និងបុគ្គលិកដែលបានចូលនិវត្ដន៍ផងដែរ៕