(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ បានណែនាំឱ្យក្រុមយុវជន-យុវនារីកម្ពុជា នៃនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីសុខសន្ដិភាព ស្ថិរភាពនយោបាយពេញលេញនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស ឱ្យបានកាន់តែច្រើនថែមទៀត សំដៅជាប្រយោជន៍ដល់ ប្រទេសជាតិ។
ការផ្ដែផ្ដាំនូវអនុសាសន៍ល្អៗទាំងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងស្ដាប់នូវដំបូន្មានរបស់ លោករដ្ឋមន្រ្តី ថោង ខុន ជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ៣០នាក់ រួមទាំងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ នាទីស្ដីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្ន បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប្រកបដោយ សុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័ស។
លោករដ្ឋមន្រ្តីបានបន្តថា ដោយសារការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ថ្មីៗនេះ កម្ពុជាបានទទួលបានពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់ទេសចរណ៍ និងពាណិជ្ជកម្ម, ហើយក្រុមប្រឹក្សាសហភាពអឺរ៉ុបនេះ បានប្រគល់មេដាយ «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» ជូនសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសមិទ្ធផលធំៗជាច្រើនទៀត។
លោករដ្ឋមន្រ្តីបានបន្ថែមថា កត្តាល្អៗទាំងអស់នេះ សុទ្ធតែជាភព្វសំណាងដ៏ធំធេងរបស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះលោករដ្ឋមន្រ្តីបានណែនាំ ឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវរួមគ្នាផ្សព្វផ្សាយសមិទ្ធផលទាំងនេះ ទៅកាន់អន្តរជាតិ ក្នុងដំណើរចូលរួមកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍-ជប៉ុន នាពេលខាងមុខ ត្រូវកសាងមុខមាត់ឱ្យប្រទេសជាតិ ពិសេសសំដៅស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិកម្ពុជា ប្រកបដោយលទ្ធផលវិជ្ជមាន។
បើតាមលោក ស៊ាង សុលក្ខណ៍ ប្រធានប្រតិភូយុវជនកម្ពុជា បានឱ្យដឹងថា ក្រុមយុវជនកម្ពុជានឹងចូលរួមក្នុងកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៣ រយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ការចូលរួមក្នុងកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងចំនួន ៣ចំណុចធំៗ រួមមាន៖ ទី១.បង្កើនមិត្តភាព សាមគ្គីភាព និងយោគយល់ រវាងយុវជនក្នុងតំបន់អាស៊ាន និងយុវជនជប៉ុន, ទី២.លើកកម្ពស់ស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ,និងទី៣.ពង្រីកការយល់ដឹងរបស់យុវជនលើកិច្ចការតំបន់ និងពិភពលោក។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នេះ បង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកអាស៊ានទាំង៥ កាលពីឆ្នាំ១៩៧៥ រហូតដល់បច្ចប្បន្ន មានរយៈពេល៤៣ឆ្នាំ មកហើយ។ ដោយឡែក កម្មវិធីលើកទី៤៣នេះ មានសមាជិកយុវជនចូលរួម ចំនួន៣៣០នាក់ មកពីប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ានទាំង១០។
ក្រៅពីអនុសាសន៍ល្អៗខាងលើ លោករដ្ឋមន្រ្តី ថោង ខុន បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៥លានរៀល ជូនដល់ក្រុមយុវជនកម្ពុជាសម្រាប់ជា មធ្យោបាយប្រើប្រាស់ ក្នុងដំណើរចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ព្រមទាំងបានផ្ដល់ជូននូវ DVD ខ្សែវីឌីអូឯកសារពាក់ព័ន្ធ នឹងកត្តានុពលវិស័យទេសចរណ៍កម្ពុជាផងដែរ ដើម្បីជាមធ្យោបាយផ្សព្វផ្សាយ ទៅកាន់ពិភពលោក នាឱកាសខាងមុខនោះ៕