(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការដឹងគុណមនុស្សចាស់ក្លាយជាគោលនៃគុណធម៌ ដែលបង្កើតបានជាវប្បធម៌ប្រពៃណីដ៏ល្អ សម្រាប់មនុស្សជំនាន់ក្រោយ។ ការថ្លែងនេះបានលើកឡើងក្នុងពិធី អបអរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» នៅសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងកម្មពិធីនេះក៏មានការចូលរួមពីលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរជំវិញខេត្ត និងលោកយាយ លោកតាជាង៣០០នាក់ផងដែរ។
លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា នៅឆ្នាំ២០១៧ មន្ទីរបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសមាគមទាំង៨១ ឃុំសង្កាត់ រហូតមកដល់ បច្ចុប្បន្ន មានសមាគមចំនួន១៨ បានដំណើរការ៦សមាគមអន្តរជំនាន់ និងពហុមុខងារមានចំណាត់ថ្នាក់ល្អ និង១២សមាគមពង្រឹងស្ថិតក្នុងចំណាត់ថ្នាក់មធ្យម និង៦០សមាគមខ្សោយ ដែលមានការគាំទ្រដោយអង្គការ មនុស្សចាស់កម្ពុជា។
ទន្ទឹមគ្នានេះដែរ មន្ទីបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សមាគមទាំងអស់ឱ្យចូលរួមប្រឡងប្រណាំង។ ក្នុងនោះសមាគមចំនួន៣ ដែលត្រូវបានទទួលលិខិតសរសើរនាថ្ងៃនេះគឺ សមាគមក្តីអណ្តែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន សមាគមក្តីមេត្តា ឃុំក្តីដូង និងសមាគមឃុំជ័យ ស្រុកកំពង់ស្វាយ។
ក្នុងឱកាសនេះ លោក អ៊ុង វុទ្ធី បានលើកឡើងថា ការដឹងគុណមនុស្សចាស់ និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ឱ្យចូលរួម កាន់តែសកម្ម ដើម្បីកូនចៅជំនាន់ក្រោយៗទៀត បានមើលឃើញពីតម្លៃ ឥតគណនារបស់មនុស្សចាស់ និងបទពិសោធន៍នៃសង្គមនីមួយៗ ហើយបង្ហាញឱ្យឃើញថាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ នៃប្រជាជាតិមួយអាចប្រព្រឹទ្ធទៅបានប្រកបដោយចីរភាព និងសមធម៌ ទាមទាឱ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។
លោកបានបន្តថា ប្រទេសកម្ពុជាមានប្រពៃណី វប្បធម៌ និងមនសការទទួលខុសត្រូវចំពោះមនុស្សចាស់គ្រួសារខ្មែរយើងមានទម្លាប់រស់នៅដោយជួបជុំគ្រួសារកូនចៅ មានកត្តញ្ញូតាធម៌ចំពោះ មាតាបិតា ដែលជាអ្នកមានគុណ បានយកអស់កម្លាំងកាយ កម្លាំងចិត្ត មកចិញ្ចឹមបីបាច់ថែរក្សា និងផ្តួចផ្តើមកូនចៅឱ្យមានអនាគតដ៏ត្រចះត្រចង់។
ប្រជាជនកម្ពុជាមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់ក្លាយទៅជាគោល នៃគុណធម៌ ដែលបង្កើតបានជាវប្បធម៌ ប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុ ការពារ និងកសាងប្រទេសជាតិរបស់ផងដែរ។
លោកបានអំពាវនាវឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជួយគាំទ្រដល់ជីវភាពរស់នៅរបស់មនុស្សចាស់ ប្រកបដោយសប្បុរសធម៌ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងជួយជ្រុមជ្រែងដោះស្រាយនូវទុក្ខលំបាករបស់មនុស្សចាស់ ជាពិសេសចាស់ជរាក្រីក្រ ជនពិការ ទុរគតជន គ្មានទីពឹងនៅតាមសហគមន៍៕