(ពោធិ៍សាត់)៖ ស្ដ្រីត្រៀមសម្រាល និងទើបសម្រាលកូន ចំនួន៧នាក់ និងចាស់ជរាគ្មានទីពឹង ចំនួន១៣នាក់ផ្សេងទៀត នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលសុខភាពមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ ដែលដឹកនាំដោយលោកស្រី អាំង សុជាតា ខូយរីដា។
លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្ដិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ បានថ្លែងថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។
លោកស្រីបន្តថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំយើងខ្ញុំ ឱ្យយកចិត្ដទុកដាក់ទៅលើសុខភាពស្ដ្រីជាមាតា ទារក និងកុមារ ដោយមិនឱ្យរំលងនោះឡើយ ព្រោះថាស្ដ្រីដែលចាប់មានផ្ទៃពោះតាំងពីខែដំបូង ត្រូវទៅពិនិត្យផ្ទៃពោះជាប្រចាំ ទៅតាមការកំណត់របស់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានា ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវយកចិត្ដទុកដាក់ចំពោះស្ដ្រីដែលមកសម្រាលកូន ព្រោះថាពេលសម្រាលកូនម្ដងៗ មានការលំបាកណាស់ ប្រឈមនឹងបញ្ហាជាច្រើន។ ទើបថ្ងៃនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្ដពោធិ៍សាត់ បានចុះមកសួរសុខទុក្ខ ស្ដ្រីត្រៀមសម្រាល និងស្ដ្រីទើបសម្រាលកូនរួច ចំនួន៧នាក់ នៅមណ្ឌលសុខភាពមេទឹក ដែលស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកស្រី បានថ្លែងទៀតថា សម្រាប់ការចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋ ដែលទើបសម្រាលកូន និងត្រៀមសម្រាលកូននេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្ដពោធិ៍សាត់ គឺតែងតែធ្វើជាប្រចាំមិនដែលដាច់នោះឡើយ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ ជាពិសេសបានចុះទៅអប់រំសុខភាពដល់ភូមិឃុំ ដែលមានប្រជាជនរស់នៅ ទោះនៅតាមទីតាំងដាច់ស្រយាលក៏ដោយ។
លោកស្រី អាំង សុខជាតា ខូយរីដា ក៏បានថ្លែងកោតសរសើរដោយស្មោះអស់ពីចិត្ដ ដល់លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពមេទឹក ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ជារៀងរាល់ថ្ងៃ និង២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ពិសេសមានអនាម័យស្អាតជានិច្ច។
អំណោយមនុស្សធម៌ ដែលបានយកមកជូនដល់ស្ដ្រីត្រៀមសម្រាល និងទើបសម្រាលកូនរួច ចំនួន៧នាក់ គឺក្នុងម្នាក់ៗទទួលបាន មុងមួយ, សារ៉ុង១, បំពង់ទឹកក្ដៅ១, ទឹកដោះគោឆៅ១យួរ, ទឹកដោះគោខាប់១កំប៉ុង, ស្កសរ១គីឡូក្រាម, សាប៊ូម្សៅ១ថង់, ម្សៅកូនង៉ា១កំប៉ុង, ខោអាវក្មេង២ឈុត និងថវិកា៥ម៉ឺនរៀល។ ចំពោះជនចាស់ជរាគ្មានទីពឹង ចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គូឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងបំពង់ទឹកក្តៅ១។
ដោយឡែកលោកគ្រូ អ្នកគ្រូពេទ្យ ដែលបម្រើសេវាសុខភាព ជូនប្រជាជននៅក្នុងមណ្ឌលសុខភាពមេទឹក ក៏ទទួលបានការឧបត្ថម្ភ ជាថវិកាចំនួន ២ម៉ឺនរៀល សាប៊ូ១ដប និងសារ៉ុងម្នាក់១ផងដែរ។ លើសពីនោះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានឧបត្ថម្ភសារុង ចំនួន១០០ ទុកប្រើប្រាស់បន្ថែមផងដែរ៕