(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានធ្វើពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសព្រឹត្តិការណ៍ប្រណាំងទូកនៅបឹងតាកែវ ក្រុងដូនកែវ។
ពិធីក្រុងពាលីនេះ បានរៀបចំធ្វើឡើងនៅបរិវេណទីធ្លាសួនមាត់បឹងតាកែវក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ និងក្រុមកីឡាករទូក។
សូមជម្រាបថា ពិធីក្រុងពាលីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈ ប្រកាសបួងសួង ចំពោះបារមីវត្ថុសាកសិទ្ធ បូជាព្រះភូមិម្ចាស់ទឹកម្ចាស់ដី និងថ្វាយគ្រឿងសក្ការៈចំពោះស្តេចក្រុងពាលី ដើម្បីសុំសេចក្តីសុខ ក្នុងការរៀបចំ ពិធីប្រណាំងទូក ក្នុងក្រុងដូនកែវ នៅថ្ងៃទី១-២ ខែវិច្ឆិកា គឺប្រកបដោយបរិយាកាសសប្បាយរីករាយ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកំសាន្តនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំពិធីប្រណាំងទូកនៅបរិវេណបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដោយមានទូកចូលរួមប្រណាំងចំនួន៤៧ទូក និងមានកីឡារកចំនួនជាង៦រយនាក់។
ការប្រណាំងទូកនេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានតាំងពីបុរាណកាលមក។ ក្រៅពីការប្រណាំងទូក ក៏មានការប្រគុំតន្រ្តី ការសម្ដែងសិល្បៈបុរាណ ការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារ ភូមិមួយផលិតផលមួយ និងការបាញ់កាំជ្រួចនាពេលយប់ផងដែរ៕