(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំពាវនាវដូច្នេះនៅក្នុងឱកាស ដែលលោកព្រមទាំងលោក លី សុខា ប្រធានសាខា ប.ស.ស ខេត្តកំពង់ធំ អញ្ជើញផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របស់ប័ណ្ណ ប.ស.ស ជូនមន្ត្រីរាជការ និងលោក លោកស្រី មន្ត្រីអាណត្តិនៅស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ការផ្ដល់ប័ណ្ណ ប.ស.ស ជូនមន្ត្រី រាជការ កម្មករនិយោជិត និងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីអាណត្តិ គឺជាគោលនយោបាយដ៏ប៉ិនប្រសប់និងឆ្លាតវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះ លោកតែងតែ គិតគូយកចិត្តទុកដាក់ និងគាំពារដល់សុខទុក្ខសុខុមាលភាព និងជីវភាពប្រជាពលគ្រប់ស្រទាប់វណ្ណៈ។
លោក សាយ គឹមឡម បានអំពាវនាវអាជ្ញាធរពាក់ព័ន្ធនិងរដ្ឋបាលឃុំ ត្រូវធ្វើការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស ជូនប្រជាពលរដ្ឋទូទៅឲ្យបានទូលំទូលាយ និងចូលរួមប្រើប្រាស់សេវានេះទាំងអស់គ្នា ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
ជាមួយនេះលោក លី សុខា បានពន្យល់បន្ថែមអំពីគុណប្រយោជន៍របស់ប័ណ្ណ ប.ស .ស សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដើម្បីយកទៅប្រើប្រាស់ចំគោលដៅ និងចៀសវាងនូវការចាញ់បោកពីក្រុមឆ្លៀតឱកាស និងជ្រុលនិយមផងដែរ ហើយលោកបានលើកទឹកចិត្តដល់បុគ្គលស្វ័យនិយោជន៍គួរប្រើប្រាស់ ប.ស.ស ឲ្យបានគ្រប់គ្នាដើម្បីជាគុណប្រយោន៍គឺត្រូវបង់ប្រាក់ប្រចាំខែ១៥,៦០០រៀល ហើយលោកបានផ្ដល់នូវលេខទូរស័ព្ទ ពិសេសសម្រាប់ទំនាក់ទំនងក្នុងករណីបន្ទាន់ឬចាំបាច់ និងចម្ងល់នានា៕